យោងតាមការស្រាវជ្រាវថ្មីមួយដោយក្រុមអ្នកស្រាវជ្រាវអន្តរជាតិបានបង្ហាញថាមនុស្សដែលធ្វើការ ឬ រៀននៅវេនយប់ គឺមានហានិភ័យកើនឡើងវិវត្តទៅជាចង្វាក់បេះដូងលោតខុសប្រក្រតី បង្កជាជំងឺបេះដូង និង ផលប៉ះពាល់សុខភាពផ្សេងទៀតជាខ្លាំង។ ហើយអត្ថបទខាងក្រោមនេះនឹងបង្ហាញពីផលប៉ះពាល់ជាច្រើនចំពោះសុខភាពរបស់អ្នក!
១.រំខាន់ដល់ដំណេករបស់អ្នក
ការខំធ្វើការងារនៅពេលយប់ជ្រៅគឺពិតជារំខានដល់ការគេង និង សុខភាពរបស់អ្នកណាស់។ ហើយដោយសារតែទម្លាប់ចូលគេងយប់ជ្រៅ គឺអាចបណ្តាលអោយអ្នកគ្មានពេលសម្រាកគ្រប់គ្រាន់ និង បង្កទៅជាបញ្ហាសុខភាពដំណេកថែមទៀតផង។
២.បង្កើនហានិភ័យនៃជំងឺមហារីកសុដន់
ស្ត្រីដែលធ្វើការពេញមួយយប់គឺមានហានិភ័យខ្ពស់នៃការកើតជំងឺមហារីកសុដន់ច្រើនជាងស្ត្រីដែលធ្វើការតែពេលថ្ងៃ។ ព្រោះការចំណាយកម្លាំងច្រើនពេកអាចនឹងធ្វើអោយជាលិកា និង កោសិកាលូតលាស់បរិវេនសុដន់មិនបានល្អ ដែលជាហេតុបង្កទៅជាជំងឺមហារីកសុដន់ ជាពិសេសចំពោះស្ត្រីដែលមានកូនបៅដោះ។
៣.បង្កើនហានិភ័យនៃការគាំងបេះដូង
ការស្រាវជ្រាវបានបញ្ជាក់ពីមូលហេតុដែលហានិភ័យកាន់តែធំចំពោះអ្នកដែលធ្វើការវេនយប់ ព្រោះការផ្លាស់ប្តូរទម្លាប់គេងរបស់ពួកគេនឹងប៉ះពាល់ដល់សម្ពាធឈាម និង ចរន្តឈាមដែលបណ្តាលអោយមានបញ្ហាបេះដូង។ ម្យ៉ាងទៀត ការអង្គុយគ្មានចលនាយូរពេកក៏ជាហេតុនាំអោយសរសៃរចរន្តឈាមរត់មិនស្រួល និង បង្កអោយគាំងបេះដូងភ្លាមៗផងដែរ។
៤.បង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត
ធ្វើការវេនយប់ក៏ជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្តរបស់អ្នកផងដែរ។ ការសិក្សាជាច្រើនបានបង្ហាញថាហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត និង អារម្មណ៍មិនល្អគឺកើនឡើងនៅពេលដែលអ្នកធ្វើការវេនយប់ជាមួយនឹងភាពស្មុគស្មាញ។ ដូច្នេះអ្នកគួរតែកែទម្លាប់ទាំងនេះចេញ ដើម្បីជៀសវាងការបង្កអោយក្លាយជាផលអាក្រក់ចំពោះសុខភាព និង កាន់តែធ្វើអោយអ្នកមានភាពតានតឹង។
៥.ផ្លាស់ប្តូរការរំលាយអាហាររបស់អ្នក
ការរំលាយអាហាររបស់អ្នកភាគច្រើនគឺត្រូវបានគ្រប់គ្រងដោយអរម៉ូនរបស់អ្នក។ ហើយអរម៉ូន leptin ជាអរម៉ូនដែលដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រងទំងន់ជាតិស្ករក្នុងឈាម និង កម្រិតអាំងស៊ុយលីនក្នុងខ្លួនរបស់អ្នក។ ហេតុនេះហើយ ការធ្វើការវេនយប់គឺពិតជារំខានដល់ការផលិត និង ការចរាចរនៃអរម៉ូនសំខាន់ៗទាំងនេះណាស់ ដែលជាហេតុបង្កអោយមានភាពរាំងស្ទះនៃការរំលាយអាហាររបស់អ្នក៕
ប្រភព ៖ បរទេស