ជារៀងរាល់ថ្ងៃអាកាសធាតុតែងតែមានការប្រែប្រួលមិនទៀងទាត់ឡើយ ដូច្នេះហើយជាទូទៅមនុស្សគ្រប់គ្នាអាចនឹងមានបញ្ហាសុខភាពផ្សេងៗ។ ជាពិសេសនោះគឺជំងឺផ្តាសាយដែលអាចបង្កឡើងទៅលើមនុស្សគ្រប់វ័យ ដោយសារតែបញ្ហាអាកាសធាតុ ឬ ការសម្រាកមិនគ្រប់គ្រាន់ក៏អាចឈានទៅជាជំងឺផ្តាសាយបានដែរ។ ប៉ុន្តែកុំបារម្មណ៍អី ព្រោះថ្ងៃនេះ “ ក្នុងស្រុក” នឹងចែករំលែកអំពីរូបមន្តបែបធម្មជាតិងាយៗ ដែលអាចជួយការពារ និងព្យាបាលអ្នកពីជំងឺផ្តាសាយបាន។
១.ឆុងតែខ្ញី
អត្ថប្រយោជន៍របស់ខ្ញីសម្រាប់ការព្យាបាលជំងឺគឺត្រូវបានគេប្រើរាប់សតវត្សមកហើយ ម្យ៉ាងទៀតវាក៏អាចជួយព្យាបាលអ្នកពីជំងឺផ្តាសាយបានផងដែរ។ ដោយអ្នកគ្រាន់តែចិតខ្ញីស្រស់ ឬ យកវាហាលថ្ងៃអោយស្ងួត។ បន្ទាប់មកយកទឹកក្តៅ រួចដាក់ដាក់ខ្ញី២ទៅ៣ចំនិត មកផឹកមុនពេលចូលគេង នោះវានឹងអាចជួយបំបាត់ការក្អក ឬ ឈឺបំពង់ករបស់អ្នកជាក់ជាមិនខាន។
២.ខ្ទឹមស
ខ្ទឹមសត្រូវបានគេស្រាវជ្រាវរកឃើញថាមានសមាសធាតុអាលីស៊ីនដែលអាចមានលក្ខណៈប្រឆាំងនឹងមេរោគ និង ជួយព្យាបាលជំងឺផ្តាសាយបាន។ ហើយក្នុងការធ្វើគឺមិនពិបាកនោះទេ ដោយគ្រាន់តែដំខ្ទឹមសពី ២ ទៅ ៥កំពឹស បន្ទាប់មកបន្ថែមចូលក្នុងទឹកមួយកែវ និង ដាក់ដាំឱ្យពុះ។ បន្ទាប់មក អ្នកអាចទទួលទាននៅពេលព្រឹក ឬ មុនពេលចូលគេង ដើម្បីអាចជួយអោយអ្នកស្រួលដកដង្ហើម និង មិនអោយហៀរសំបោរ។
៣.ទឹកឃ្មុំ
អ្នកគ្រាន់តែដាំទឹកអោយពុះ បន្ទាប់មកដាក់ទឹកឃ្មុំ ១ ឬ ២ស្លាបព្រាបាយ និង បន្ថែមក្រូចឆ្មារមួយចំនិតចូលគឺជាការស្រេច។ ដោយវាអាចជួយកម្ចាត់ការឈឺបំពង់ក និង តឹងច្រមុះបានយ៉ាងមានប្រសិទ្ធិភាព។ ប៉ុន្តែប្រសិនបើកូនក្មេងអាយុក្រោម១ឆ្នាំ អ្នកមិនគួរផ្តល់ទឹកឃ្មុំដល់ពួកគេនោះ ព្រោះប្រព័ន្ធភាពស៊ាំរបស់ពួកគេនៅខ្សោយដែលអាចបង្កទៅជាគ្រោះថ្នាក់ដល់ពួកគេបាន។
៤.តែជីអង្កាម
ដាក់ស្លឹកជីអង្កាមពី ៥ ទៅ ១០ ស្លឹកក្នុងទឹកមួយពែង រួចដាំឱ្យពុះដោយរម្ងាស់សម្រាប់រយៈពេលពី ៥ ទៅ ១០នាទី សឹមយកកាកជីចេញ។ អ្នកគួរតែទទួលទានតែជីអង្កាមនេះពី ១ ទៅ ២ដង ជារៀងរាល់ថ្ងៃ ដើម្បីការពារជំងឺផ្តាសាយ និង ធ្វើអោយអ្នកដកដង្ហើមបានស្រួល ។
៥.ងូតទឹកក្តៅ
អំឡុងពេលដែលអ្នកកំពុងតែមានជំងឺផ្តាសាយ អ្នកមិនគួរងូតទឹកត្រជាក់ធម្មតានោះទេ ព្រោះវាអាចនឹងធ្វើអោយអ្នកកាន់តែកើនឡើងកម្តៅក្នុងខ្លួន។ ដូច្នេះហើយ សូមអ្នកងូតជាមួយទឹកក្តៅឧណ្ហៗ ដើម្បីជួយបន្ថយរោគសញ្ញាផ្តាសាយចំពោះមនុស្សពេញវ័យ និង កូនក្មេង។ ម្យ៉ាងទៀត សូមបន្ថែម អំបិល Epsom និង ម្សៅ baking sodaបន្តិចចូលទៅក្នុងទឹកក្តៅផង ព្រោះវាអាចកាត់បន្ថយការឈឺចាប់រាងកាយបានយ៉ាងល្អប្រសើរ៕
ប្រភព ៖ បរទេស