តោះ! មកដឹងពីរូបមន្តបញ្ចៀសបញ្ហានៅកន្លែងធ្វើការ

បញ្ហាអាចផ្តើមចេញពីខ្លួនឯងក៏ថាបាន ដោយប្រការណាមួយពីទង្វើប្រចាំថ្ងៃរបស់យើងហ្នឹងឯង។ ពេលខ្លះ  វាពិតជាពិបាកក្នងការបញ្ចៀសពីរឿងរ៉ាវ និងបញ្ហាក្នុងជីវិតខ្លាំងណាស់ ជាពិសេសគឺការប៉ះទង្គិចណាមួយដែលយើងជាអ្នកបង្កឡើង ដោយមិនដឹងខ្លួន ពិសេសសម្រាប់កន្លែងធ្វើការ។

េងសេដ

ការបំពេញតួនាទីជាបុគ្គលិកល្អ ចូលធ្វើការទៀងម៉ោង គោរពវិន័យហើយ អ្នកក៏ត្រូវប្រកាន់ភ្ជាប់គោលការណ៍មួយចំនួនដែរ ដើម្បីបញ្ចៀសពីបញ្ហាធ្ងន់ធ្ងរ។

ខាងក្រោមនេះ ជាជំនួយសម្រាប់អ្នកឱ្យកាន់តែប្រសើរឡើង៖

១. មាត់អាចបង្កបញ្ហា

-រក្សាមាត់៖ មិនថានៅផ្ទះ ឬនៅទីណា ជាពិសេសកន្លែងធ្វើការ អ្នកត្រូវប្រយ័ត្នមាត់បន្តិច។ បើមានជំនុំពីអ្វីមួយ អ្នកគ្រាន់តែស្តាប់បានហើយ កុំបញ្ចេញយោបល់ច្រើន កុំចេះដឹងរឿងគេព្រោះវាអាចនាំកទុក្ខទោសដល់ខ្លួន។

-មុនហាស្តី ត្រូវគិត៖ ពាក្យពិត មិនមែនចេះតែនិយាយបានគ្រប់ពេលនោះទេ ត្រូវមើលកាលៈទេសៈ ត្រូវមើលចិត្តមនុស្ស។ ពាក្យពិតរែងស្តែង ដូចនេះហើយ មុនស្រដីអ្វីមួយ ត្រូវស្គាល់ចិត្តគំនិតអ្នកនោះឱ្យច្បាស់ជាមុនសិន។


-និយាយតែពាក្យល្អ៖ លើលោកនេះគ្មានអ្នកណាដែលថា មិនចូលស្តាប់ពាក្យល្អចំពោះគេនោះទេ។ ដូចនេះរៀនសរសើរអ្នកទដៃខ្លះទៅ ដើម្បីបង្កើតទំនាក់ទំនងល្

២. រក្សាប្រតិកម្មផ្ទាល់ខ្លួន

សំដៅលើផ្លូវអារម្មណ៍ដែលងាយរងការប៉ះទង្គិច។ ពេញមួយថ្ងៃ មិនមែនសុទ្ធតែត្រូវប្រទះរឿងល្អគ្រប់វិនាទីនោះទេ ដូច្នេះមិនត្រូវបណ្តោយឱ្យសកម្មភាពរបស់ណា ឬពាក្យសម្តីអ្នកណា បំផ្លាញច្បាប់នៃក្តីសុខផ្លុវចិត្តរបស់អ្នកឱ្យសោះ។ រៀនកុំខ្វល់នឹងពាក្យបញ្ចើចបញ្ជើ កុំក្រោធបើគ្រាន់ជួបអ្វីមិនសមបំណងនៅថ្ងៃនេះ។ កុំប្រើប្រតិកម្មធម្មជាតិរហ័សពេក ទៅកាន់ស្ថានការណ៍ណាមួយ។

៣. ឈ្នះចុះ ខ្ញុំចាញ់

«ចាញ់បានជាព្រះ ឈ្នះបានជាមារ» សុភាសិតនេះមិនខុសទេ។ ត្រូវចេះដើរចេញចំពោះជម្លោះ កុំតតាំង កុំចង់ចាញ់ឈ្នះ ព្រោះចុងក្រោយអ្នកណាក៏ខាតបង់ដែរ។ ដូច្នេះ ត្រូវចាំថា បើទោះជាមានអ្នកណាចង់បង្ករឿងក្តៅក្រហាយជាមួយអ្នក ដោយរកហេតុផលណាក៏ដោយ គ្រាន់តែស្ងៀមស្ងាត់ផ្តោតអារម្មណ៍លើការងារតែម៉្យាងទៅបានហើយ។

៤. កុំធ្វើជាអ្នកនាំពាក្យ

បញ្ហានេះ ច្រើនបង្កជារឿងរ៉ាវសម្រាប់ខ្លួនឯង ទាំងដែលដើមឡើង ជារឿងរបស់អ្នកដទៃសោះ។ ដាច់ខាតកុំឱ្យសោះ បើសិនជាមានជនណាម្នាក់ពឹងពាក់ឱ្យនាំពាក្យ ឬអ្នកចង់នាំពាក្យក្នុងបំណងល្អ ដើម្បីផ្សះផ្សាទំណនាក់ទំនងអ្នកណាក៏ដោយ។ ព្រោះគ្មានអ្នកណាមើលដឹងមុនទេថា ការពាំនាំពាក្យនេះ ជារឿងដែលល្អ ឬនាំផលអាក្រក់មកវិញនោះ។ ដូច្នេះ នៅកន្លែងធ្វើការ គួរប្រយ័ត្នប្រយែងឱ្យបានច្រើនបន្តិច ជាការល្អ៕