មនុស្សភាគច្រើនយល់ថា សង្គមមនុស្សពិតជាគួរឱ្យខ្លាចខ្លាំងណាស់! ហេតុនេះហើយ ពួកគាត់តែងបដិសេធក្នុងការរាប់អានមនុស្ស និងសូម្បីតែនិយាយរកនរណាម្នាក់។
នៅពេលដែលមនុស្សបានឆ្លងកាត់ពិសោធន៍ឈឺចាប់មួយ គ្រប់គ្នានឹងយល់ថា ពិភពលោកនេះពោពេញដោយភាពខ្មៅងងឹត ហើយមនុស្សគឺកាន់តែមិនគួរឱ្យទុកចិត្ត។ ក្រោយការឈឺចាប់ដ៏ធ្ងន់ធ្ងរមួយរបស់ខ្លួន មនុស្សក៏ចាប់ផ្តើមផ្លាស់ប្តូរខ្លួនឯង ទៅជាអ្វីមួយផ្សេងដែលអត្មានិយម ក៏ព្រោះតែខ្លួនយល់ថា ជាខែលការពារដ៏ល្អបំផុតសម្រាប់ខ្លួនឯង។
ប្រតិបត្តិការការពារខ្លួននេះហើយ ដែលបង្កើតបានទៅជាការសង្ស័យច្រើនទៅលើមនុស្សជុំវិញខ្លួន។ ចាប់ផ្តើមបាត់បង់ទំនុកចិត្ត លែងជឿជាក់ និងតែងតែធ្វើខ្លួនជាមនុស្សក្លែងក្លាយចំពោះគ្នានិងគ្នា។ ដោយហេតុតែមិនចង់អនុញ្ញាតឱ្យខ្លួនឯង ត្រូវគេខ្សែលើបាន អ្នកខ្លះក៏សុខចិត្តខ្សែលើ លើអ្នកដទៃដោយមិនខ្វល់អ្វី។
" ល្អនឹងអ្នកដទៃ ស្មើនឹងអាក្រក់ចំពោះខ្លួនឯង " សុភាសិតនេះ បានចាក់ឬសជ្រៅខ្លាំងបំផុត ក្នុងការទំនាក់ទំនងរបស់មនុស្ស។ ព្រោះតែការស្រលាញ់ខ្លួនឯង ក្នុងកាលៈទេសៈខ្លះ ក៏ធ្វើឱ្យមនុស្សកើតចិត្តអត្មានិយម យកខុសធ្វើត្រូវ យកទង្វើល្ងង់ខ្លៅធ្វើជាគោលដៅជីវិតទៅវិញ។
ប្រាកដណាស់! គ្មាននរណាម្នាក់អាចវាយតម្លៃលើភាពខុស និងត្រូវ នៃចិត្តអត្មានិយមនេះបានទេ។ ប៉ុន្តែយើងក៏អាចសន្មត់បានថា វាកើតឡើងបានដោយរបៀបណា (ភាពអត្មានិយម មិនមែនសុទ្ធតែជារឿងខុសឆ្គងនោះទេ! មនុស្សគប្បីត្រូវខ្វល់ពីខ្លួនឯងជាជាងអ្នកដទៃបែបនេះហើយ ប៉ុន្តែក៏មិនត្រូវសាងការឈឺចាប់ឱ្យគេដែរ) ។
ដើម្បីចំណុះនឹងសង្គមមនុស្ស ចាំបាច់ត្រូវប្រើភាពឆ្លាតវៃដើម្បីរស់នៅ (ភាពបត់បែន ទេពកោសល្យ ការអត់ធ្មត់ ព្រមអន់តែមិនចុះចាញ់ ចំណេះ និងជំនាញ -ល-) ។ ព្រោះភាពបត់បែន ដោយយល់កាលៈទេសៈនេះ ពិតជាជួយយើងបានច្រើន ក្នុងទំនាក់ទំនងសង្គម។
សង្គម គឺពោពេញដោយភាពប្រកួតប្រជែង ហេតុនេះហើយ វាតម្រូវឱ្យមនុស្សបន្តរីកធំធាត់ឱ្យដូចជាធម្មជាតិ (គឺប្រជែងលូតលាស់ ទប់ទល់នឹងការបំផ្លិចបំផ្លាញ របស់បំរែបំរួលធម្មជាតិយ៉ាងដូច្នេះដែរ) ។
ហើយគន្លឹះដ៏ល្អសម្រាប់ជីវិតនោះ គឺការបន្ថែមភាពខ្លាំងឱ្យខ្លួនឯង ដើម្បីងើបចេញពីការគាបសង្កត់ ដោយមិនដើម្បីបំផ្លាញនរណាម្នាក់ឡើយ។ ហេតុនេះ អ្នកក៏អាចប្រើភាពខ្លាំងរបស់អ្នកជាប្រយោជន៍ដល់សង្គម និងខ្លួនឯងផងដែរ៕