តាមពិតទៅ Jajangmyeon គឺជាមីខ្មៅដែលមានដើមកំណើតនៅក្នុងប្រទេសចិន ប៉ុន្តែវាត្រូវបានប្រទេសកូរ៉េខាងត្បូងធ្វើឲ្យមានភាពល្បីល្បាញ។ ម្យ៉ាងទៀត គេតែងតែឃើញមុខម្ហូបមួយនេះលេញចេញឡើងក្នុង K-Drama និងភាពយន្តផ្សេងៗទៀតរបស់ប្រទេសកូរ៉េ។
Jajangmyeon គឺជាមុខម្ហូបគ្មានម្ទេស ដែលសាកសមបំផុតសម្រាប់អ្នកមិនចូលចិត្តញុំាហឹរ ហើយសសៃមីរបស់វាគឺមានភាពក្រាស់ធ្វើពីម្សៅ ដោយមានស្រូបទឹកពណ៌ខ្មៅពីលើដែលធ្វើពីសណ្តែកខ្មៅម្យ៉ាងមានឈ្មោះថា chunjang។ ជាទូទៅគេតែងតែញុំាវាជាមួយនឹងសាច់ជ្រូកចិញ្រ្ជាំ និង បន្លែផ្សេងៗទៀត ដែលកាន់តែធ្វើឲ្យមុខម្ហូបមួយនេះមានរសជាតិឆ្ងាញ់ទ្វេដង។
តាមឯកសារបានអោយដឹងថា កាលចុងសតវត្សទី ១៩ ពួកអន្តោប្រវេសន៍ជនជាតិចិនខ្លះបានភៀសខ្លួនមកនៅទីក្រុង Incheon ប្រទេសកូរ៉េ។ រួចនៅឆ្នាំ ១៩០៥ មានភោជនីយដ្ឋានចិនមួយមានឈ្មោះថា Gonghwachun បានលក់នូវមីឆាមួយប្រភេទឈ្មោះ zhajiangmian ដែលមានដើមកំណើតនៅតំបន់ Shandong ប្រទេសចិន។ ពេលនោះហើយដែលជនជាតិកូរ៉េក៏ចាប់ផ្តើមបន្ថែមស្ករតាំងម៉ែចូលទៅក្នុងមុខម្ហូបមួយនោះ ដើម្បីអោយមាននូវរសជាតិផ្អែមហើយវាក៏ក្លាយជាមុខម្ហូបកូរ៉េចាប់ពីតាំងពេលនោះមក និង ត្រូវបានគេអោយឈ្មោះថា jajangmyeon ។
លុះមកដល់កំឡុងឆ្នាំ១៩៥០ដល់១៩៦០ បន្ទាប់ពីបញ្ចប់សង្គ្រាម ជនជាតិកូរ៉េក៏បានប្រើប្រាស់ស្រូវសំឡីដែលទទួលបានពីសហរដ្ធអាមេរិក មកធ្វើសសៃមីហើយនៅពេលនោះ jajangmyeon ក៏បានសាយភាយទៅផ្នែកផ្សេងៗទៀតនៃប្រទេសកូរ៉េខាងត្បូង។ គួរបញ្ជាក់ផងដែរថា កាលជំនាន់នោះកូរ៉េគឺនៅជាប្រទេសក្រីក្រនៅឡើយទេ ហើយមីខ្មៅមួយចាននេះគឺមានតម្លៃថ្លៃណាស់។ ហេតុដូចនេះហើយ ជនជាតិកូរ៉េតែងតែនាំកូនៗរបស់ពួកគេទៅញុំាមី jajangmyeon នេះទុកជាការអបអរថ្ងៃកំណើត, ថ្ងៃទទួលសញ្ញាបត្រ ឬ ទិវាកុមារជាដើម។ ប៉ុន្តែបើទោះបីជាសព្វថ្ងៃ មុខម្ហូបមួយនេះមានតម្លៃថោកក្តី ក៏ជនជាតិកូរ៉េចូលចិត្តទទួលទានវាជាប្រចាំ ព្រោះវាមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ តែថែមទាំងរំលឹកដល់អនុស្សាវរីយ៍ចាស់ៗទៀតផង៕
ប្រភព ៖ បរទេស