ទឹកដីសុវណ្ណភូមិជាទឹកដីមាសមានសម្បូរភោគផលកសិកម្មគ្រប់ប្រភេទ ពិសេសដំណាំហូបផ្លែមានមិនចេះខ្វះ ហើយថ្ងៃនេះមានរុក្ខជាតិមួយប្រភេទ ដែលជាប្រភេទដំណាំហូបផ្លែដែលមានអត្ថប្រយោជន៍ច្រើនទាំងពីស្លឹក ផ្លែ ដល់ដើម 🍃
"ដើមចេក" ជាដំណាំដែលប្រជាជនខ្មែរនិយមដាំតាមផ្ទះក្នុងស្រុកភូមិ ដែលមានទាំងខ្នាតធំដែលជាការដាំដុះជាចំការតែម្ដងក៏មាន ។
ចេកមានអត្ថប្រយោជន៍ច្រើន ក្នុងនោះរួមមាន៖
ស្លឹក៖ សម្រាប់ចាស់ល្មមប្រជាជនខ្មែរនិយមយកទៅវេចនំ វេចបាយ វេចម្ហូប ធ្វើកន្ទោង ។ រីឯស្លឹកទុំគេដុតយកផេះធ្វើចាហួយខ្មៅ ។
ត្រយូង៖ គេនិយមយកទៅធ្វើអន្លក់ យកទៅស្លរជាសម្ល ជាល្បោយអន្លក់ ញាំត្រយូងចេក ។
ផ្លែ៖ ផ្លែចេកខ្ចីគេនិយមធ្វើអន្លក់ ឬពិសារលេងជាគ្រឿងម្ជូរ ។
បើផ្លែរាងស្រគាលគេយកទៅធ្វើចេកឆឹង ចេកឆាប ។
ស្រគាលតិចៗជិតទុំ គេអាចយកទៅធ្វើចេកចៀន ចេកខ្ទិះ នំអន្សមចេក ឬស្ងោរពិសាលេង ។
សម្រាប់ផ្លែទុំគេយកទៅធ្វើដំណាប់ ឬពិសារលេងតែម្ដងក៏បាន ។
ដើម៖ ស្រទបចេកគេច្រើនយកទៅធ្វើពែ ចាក់ចេក ។
ដើមទាំងមូលគេអាចធ្វើជាក្បូនព្រោះដើមចេកស្រាលងាយអណ្ដែត ឬអាចហាន់ធ្វើចំណីជ្រូក មាន់ ទាបាន ។
កូនចេកឬដើមតូចៗ គេនិយមយកធ្វើគ្រឿងសក្ការៈបូជា ពិសេសក៏អាចស្លសម្លម្ជូរដើមចេកកូនត្រីទៀតផង ។
ប្រភព៖ Eatery រឿងញ៊ាំរឿងធំ