ខ្ទឹមបារាំងគឺមិនត្រឹមតែផ្តល់នូវរសជាតិដ៏អស្ចារ្យដល់អាហារប៉ុណ្ណោះទេ តែយោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្តបានរកឃើញថា អ្នកគួរតែព្យាយាមញុំាខ្ទឹមបារាំងអោយបានញឹកញាប់ ព្រោះវាមានផ្ទុកនូវសារជាតិសំខាន់ៗជាច្រើនដែលរាងកាយរបស់យើងត្រូវការជាចាំបាច់។ តោះកុំអោយខាតពេលយូរ មកដឹងពីអត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យចំនួន ៤ យ៉ាងរបស់ខ្ទឹមបារាំងទាំងអស់គ្នា!
១.ផ្ទុកទៅដោយបាក់តេរីល្អ
ក្នុងខ្លួនយើងម្នាក់ៗគឺតែងតែមានបាក់តេរីល្អជាច្រើន ដែលវាជួយឱ្យរាងកាយរបស់យើងមានសុខភាពល្អ។ តួយ៉ាងដូចជាខ្ទឹមបារាំងគឺមានជាតិសរសៃ prebiotic ដែលមានមុខងារធ្វើឱ្យពោះវៀនរបស់យើងមានសុខភាពល្អ និង គ្រប់គ្រងកម្រិតបាក់តេរីបានយ៉ាងប្រសើរ។ ខ្ទឹមបារាំងក៏មានផ្ទុកនូវសារធាតុ ដែលជួយជំរុញការលូតលាស់របស់បាក់តេរីល្អ ( bifidobacteria) ដែលបាក់តេរីទាំងនេះ អាចបង្ក្រាបបាក់តេរីអាក្រក់ដែលបំផ្លាញពោះវៀនរបស់អ្នក។
២.ជំនួយបេះដូង
មានការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ការទទួលទានខ្ទឹមបារាំងជាប្រចាំគឺអាចកាត់បន្ថយហានិភ័យនៃការកកសសៃឈាមបេះដូងបាន។ ម្យ៉ាងទៀត ខ្ទឹមបារាំងគឺគ្មានកូលេស្តេរ៉ុលនោះទេ ដូច្នេះហើយទើបបានជាវាមានអត្ថប្រយោជន៍ចំពោះបេះដូង។
៣.បន្ថយជាតិស្ករក្នុងឈាម
តាមរយះការធ្វើតេស្ត ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា កម្រិតជាតិស្ករនៅក្នុងឈាមគឺត្រូវបានកាត់បន្ថយយ៉ាងច្រើនដោយខ្ទឹមបារាំង។ ម្យ៉ាងទៀត អ្នកវិទ្យាសាស្ត្រយល់ថាដោយសារតែសារធាតុស្ពាន់ធ័រដែលមាននៅក្នុងខ្ទឹមបារាំងធ្វើអោយការផលិតអាំងស៊ុយលីនកើនឡើងជាលំដាប់ ហេតុនេះហើយទើបវាអាចបន្ថយកម្រិតជាតិស្ករក្នុងឈាមបាន។
៤.បន្ថយនូវហានិភ័យនៃជំងឺមហារីក
តាមរយះការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រដែលមកពីសាកលវិទ្យាល័យ Guelph បានរកឃើញថា ខ្ទឹមបារាំងពណ៌ស្វាយគឺមានប្រសិទ្ធភាពបំផុតចំពោះកោសិកាមហារីក។ ក្នុងករណីនេះពួកគេអះអាងថា ខ្ទឹមបារាំងអាចសម្លាប់កោសិកាមហារីកបាន ដោយសារតែវាមានផ្ទុកនូវបរិមាណ quercetin និង anthocyanin។ ទន្ទឹមនឹងនេះផងដែរ បើទោះបីជាខ្ទឹមបារាំងមិនអាចព្យាបាលជម្ងឺមហារីកបានក៏ពិតមែន ប៉ុន្តែវាអាចជួយកាត់បន្ថយនូវអត្រាហានិភ័យនៃជំងឺមហារីកមួយភាគធំ និង ថែមទាំងអាចសម្លាប់កោសិកាអាក្រក់ថែមទៀតផង៕
ប្រភព ៖ បរទេស