ផ្ទៃពណ៌សនៃភ្នែករបស់អ្នកដែលត្រូវបានគេហៅថា ស្កែលឡា គឺអាចប្រែទៅជាពណ៌លឿង ឬ ក្រហមក្នុងកំឡុងពេលដែលអ្នកធ្វេសប្រហែសជាមួយពន្លឺ ឬ បង្កដោយមេរោគណាមួយ។ ម្យ៉ាងទៀតភ្នែកក៏អាចបង្ហាញពីបញ្ហាសុខភាពទូទៅរបស់មនុស្សផងដែរ។ ហើយប្រសិនបើគ្រាប់ភ្នែករបស់អ្នកមានបញ្ហា នោះវានឹងធ្វើអោយអ្នកមើលមិនសូវច្បាស់ រលាកគ្រាប់ភ្នែក ឬ ប៉ះពាល់ភ្នែកធ្ងន់ធ្ងរក៏មាន។ ប៉ុន្តែកុំបារម្ភអី ព្រោះថ្ងៃនេះយើងនឹងចែករំលែកនូវវិធីសម្ងាត់មួយចំនួនដែលអាចជួយប្រឆាំងនឹងអាការៈដែលបង្កអោយមានបញ្ហាភ្នែកបាន និង ធ្វើអោយភ្នែករបស់អ្នកភ្លឺច្បាស់ជាងមុន។
១.ប្រើថ្នាំបន្តក់ភ្នែក
ការប្រើថ្នាំបន្តក់ភ្នែកគឺអាចជួយបំបាត់ការឡើងក្រហមនៅក្នុងភ្នែករបស់អ្នក ហើយសូមប្រើថ្នាំបន្តក់ភ្នែកជាប្រចាំដើម្បីទទួលបានភ្នែកសភ្លឺថ្លា។ មួយវិញទៀត ថ្នាំបន្តក់ភ្នែកមិនត្រឹមតែជួយកាត់បន្ថយការឡើងក្រហមប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់ឱ្យនូវសំណើមដល់ភ្នែកថែមទៀតផង។ ហើយដើម្បីប្រឆាំងនឹងការរលាក និង ភាពស្ងួតនៅក្នុងភ្នែក អ្នកក៏អាចប្រើដំណក់ទឹកអំបិលបន្តក់ចូលទៅក្នុងភ្នែកបានដែរ ព្រោះវាមិនសូវប៉ះពាល់ដល់ភ្នែកនោះទេ ប៉ុន្តែយ៉ាងណាមិញសូមកុំសូវប្រើទឹកអំបិលញឹកញាប់ពេក។
២.ញ៉ាំផ្លែឈើ និង បន្លែស្រស់ៗ
ផ្លែឈើ និង បន្លែគឺសំបូរទៅដោយវីតាមីន និង សារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយធ្វើឱ្យភ្នែករបស់អ្នកភ្លឺច្បាស់។ ហើយការទទួលទានបន្លែផ្លែឈើដូចជា ការ៉ុត, ល្ពៅ, ក្រូចឆ្មា, ផ្លែក្រូច, ស្ពៃបៃតង, គ្រាប់ Walnut និង សណ្តែកដី គឺអាចជួយដល់សុខភាពភ្នែករបស់អ្នកបានយ៉ាងល្អប្រសើរ។ ផ្លែឈើ និង បន្លែក៏ជួយបន្សាបជាតិពុលនៅក្នុងថ្លើមរបស់អ្នក ម្យ៉ាងទៀតដើម្បីធ្វើឱ្យការបន្សាបជាតិពុលកាន់តែមានប្រសិទ្ធភាព អ្នកគួរតែផឹកទឹក beetroot (មើមឆៃថាវក្រហម) មួយកែវនៅពេលពោះទទេ ឬ ញ៉ាំការ៉ុត និង ស្ពៃ spinach ជាដើម។
៣.កាត់បន្ថយការទទួលទានជាតិស្ករ និង កាបូអ៊ីដ្រាត
សូមអ្នកកាត់បន្ថយបន្តិចម្តងៗនូវបរិមាណជាតិស្ករ និង ចាប់ផ្តើមបន្ថែមបន្លែ និង ផ្លែឈើស្រស់ចូលទៅក្នុងរបបអាហាររបស់អ្នក ព្រោះការដែលធ្វើដូច្នេះវានឹងជួយអោយសុខភាពភ្នែករបស់អ្នកកាន់តែប្រសើរឡើង និង មើលឃើញច្បាស់ជាងមុន។
៤.គេងអោយបានគ្រប់គ្រាន់
ការគេងពី ៧ ទៅ ៨ ម៉ោងជារៀងរាល់យប់គឺសំខាន់ណាស់ ព្រោះបើគេងមិនបានគ្រប់គ្រាន់ទេ ភ្នែករបស់អ្នកនឹងមើលទៅឡើងក្រហម និង អស់កម្លាំង។ ហើយការកាត់បន្ថយការទទួលទានជាតិស្ករ និង កាបូអ៊ីដ្រាតនឹងជួយអោយអ្នកមានទម្លាប់គេងលក់ស្រួល។ ប៉ុន្តែប្រសិនបើអ្នកនៅតែមានបញ្ហាក្នុងការគេង សូមសាកល្បងធ្វើសមាធិ ឬ ស្តាប់តន្ត្រីដើម្បីបន្ធូរអារម្មណ៍មុននឹងចូលគេង។
៥.ការលេបថ្នាំបំប៉ន
ប្រសិនបើអ្នកមិនទទួលបានវីតាមីន និង សារធាតុរ៉ែគ្រប់គ្រាន់ពីរបបអាហាររបស់អ្នកទេ សូមអ្នកទទួលទានវីតាមីនបន្ថែមជារៀងរាល់ថ្ងៃ។ ដូចគ្នានេះផងដែរ អ្នកអាចលេបថ្នាំអូមេហ្គា ៣ ឬ ប្រេងត្រី ដើម្បីបង្កើនកម្រិតអាស៊ីតអូមេហ្គា ៣ របស់អ្នកបាន ហើយប៉ុន្មានខែក្រោយមកអ្នកនឹងសង្កេតឃើញថាភ្នែករបស់អ្នកនឹងថ្លា ព្រមទាំងមានសុខភាពល្អជាងមុនជាក់ជាមិនខាន។
៦.ផឹកទឹកឱ្យបានច្រើន
ការរក្សារាងកាយរបស់អ្នកឱ្យមានសំណើមគឺជាគន្លឹះនៃភ្នែកភ្លឺ និង ច្បាស់ល្អ។ ហើយត្រូវប្រាកដថា អ្នកទទួលទានទឹកគ្រប់គ្រាន់ ដើម្បីជួយកាត់បន្ថយការហើម និង ឡើងក្រហមនៅក្នុងភ្នែករបស់អ្នក។ ដោយគ្រាន់តែអ្នកផឹកទឹកប្រហែល ៨ ទៅ ១០ កែវក្នុងមួយថ្ងៃ ដើម្បីឱ្យរាងកាយរបស់អ្នកមានជាតិទឹក និង ទទួលបានភ្នែកសភ្លឺថ្លា។
៧.ការពារផ្សែង និង លំអងធូលី
ការប៉ះពាល់ដូចជាផ្សែង និង លំអងធូលីគឺអាចធ្វើឱ្យភ្នែកស្ងួត ម្យ៉ាងទៀតប្រសិនបើអ្នកអាចគេចចេញពីផ្សែងបារីបាន នោះវានឹងជួយអ្នកក្នុងការស្តារឡើងវិញនូវពណ៌ធម្មជាតិ និង ការផ្តល់សំណើមដល់ភ្នែករបស់អ្នក។ មួយវិញទៀតអ្នកក៏ត្រូវការពារភ្នែកពីលំអងធូលី ដូចជានៅពេលដែលអ្នកធ្វើដំណើរជាដើម ព្រោះវាអាចនឹងធ្វើអោយភ្នែករបស់អ្នកឡើងក្រហម ឬ ហើម។
8.កាត់បន្ថយការឈឺភ្នែក
ប្រសិនបើអ្នកចំណាយពេលភាគច្រើនធ្វើការនៅមុខអេក្រង់កុំព្យូទ័រ អ្នកគួរតែព្យាយាមកាត់បន្ថយពេលវេលាដែលចំណាយនៅមុខអេក្រង់អោយបានតិចជាងមុន។ ម្យ៉ាងទៀត ត្រូវប្រាកដថាអ្នកប្រើអេក្រង់ជាមួយបន្ទប់ដែលមានពន្លឺត្រឹមត្រូវដើម្បីជៀសវាងប៉ះពាល់ដល់ភ្នែករបស់អ្នក។ ហើយសូមរក្សារពន្លឺនៃកុំព្យូទ័ររបស់អ្នកអោយទាប ដើម្បីកាត់បន្ថយការឈឺភ្នែក។
៩.ពាក់វ៉ែនតា
ការពាក់វ៉ែនតាពេលអ្នកនៅខាងក្រៅ នឹងផ្តល់ការការពារដល់ភ្នែករបស់អ្នកបានយ៉ាងល្អ។ ហើយវ៉ែនតានេះនឹងជួយការពារភ្នែកអ្នកពីកាំរស្មី UVA និង UVB ដែលកាំរស្មីនេះអាចបណ្តាលឱ្យខូចភ្នែករបស់អ្នកក្នុងរយៈពេលយូរ ហេតុនេះហើយសូមកុំមើលរំលងវ៉ែនតាអោយសោះ៕
ប្រភព ៖ បរទេស