មនុស្សមួយចំនួនធំតែងតែយកភាពអវិជ្ជមានមកបាំងមុខខ្លួនឯងធ្វើឱ្យខ្លួនក្លាយជាមនុស្សម្នាក់ដែលមិនហ៊ានធ្វើអ្វីគ្រប់យ៉ាង មិនហ៊ានប្រឈមមុខ ជាពិសេសធ្វើឱ្យសមត្ថភាពខ្លួនឯងកប់នៅក្រោមការគិតអវិជ្ជមានគ្មានថ្ងៃដែលអាចស្ដារមកបាន។ ដូច្នេះ ថ្ងៃនេះ KnongSrok TV នឹងយកលើកហេតុផល ៥យ៉ាងដែលអ្នកមិនគួរគិតអវិជ្ជមាន៖
- ហេតុផលទី 1 ការគិតអវិជ្ជមានធ្វើឱ្យជីវិតដើរថយក្រោយ
ការគិតអវិជ្ជមាននេះជាបញ្ហាប្រឈមដែលមនុស្សភាគច្រើនតែងចួបជាញឹកញយ ហើយអ្នកដែលតែងតែគិតអវិជ្ជមាននេះដែរ ពួកគេតែធ្វើឱ្យជីវិតរបស់ពួកគេដើរយឺតជាងអ្នកដទៃដែលគិតវិជ្ជមានជានិច្ច។
- ហេតុផលទី 2 ការគិតអវិជ្ជមានធ្វើអោយជីវិតមិនរីកចម្រើន
ការរីកចម្រើនរបស់មនុស្សម្នាក់ៗអាស្រ័យទៅលើថា តើមនុស្សម្នាក់នោះមានការគិតបែបណាចំពោះខ្លួនឯង? បើពួកគេគិតថា ពួកគេធ្វើមិនបាន ហើយបោះបង់ចោលនោះពួកគេនឹងគ្មានភាពរីកចម្រើនទៅមុខទេ។
- ហេតុផលទី 3 ការគិតអវិជ្ជមានធ្វើអោយជីវិតអាប់អួរ
មនុស្សដែលគិតតែភាពអវិជ្ជមានភាគច្រើនតែងតែធ្វើឱ្យជីវិតរបស់ពួកគេពោរពេញទៅដោយភាពខ្មៅងងឹត ស្រអាប់មើលអ្វីមិនឃើញ ធ្វើឱ្យពួកគេរស់នៅជាមួយតែភាពបរាជ័យប៉ុណ្ណោះ។
- ហេតុផលទី 4 ការគិតអវិជ្ជមានធ្វើអោយជីវិតមិនស្រស់បស់
បើមួយថ្ងៃៗគិតថា ខ្លួនឯងគ្មានសមត្ថភាពធ្វើនេះមិនកើត ធ្វើនោះមិនកើត តើពេលណាបានជីវិតស្រស់ស្រាយនឹងគេ? ពេលណាទើបអាចដើរទៅមុខនឹងគេ? បើរាល់ថ្ងៃគិតតែភាពអវិជ្ជមាននោះជីវិតរបស់អ្នកនឹងកាន់តែដុនដាបទៅៗប៉ុណ្ណោះ។
- ហេតុផលទី 5 ការគិតអវិជ្ជមានធ្វើអោយជីវិតបាត់បង់ទំនុកចិត្ត
ការគិតអវិជ្ជមាននេះទៀតសោតធ្វើឱ្យអ្នកបាត់បង់ភាពទុកចិត្តលើខ្លួនឯង ព្រោះទំនុកចិត្តលើខ្លួនឯងជាកត្តាសំខាន់ណាស់ បើអ្នកមិនទុកចិត្តខ្លួនផង តើអ្នកណាទុកចិត្តលើអ្នក? ដូច្នេះកុំធ្វើឱ្យខ្លួនអ្នកបាត់បង់ទំនុកចិត្តអី កុំគ្មានទំនុកចិត្តលើខ្លួនឯងអី ត្រូវជឿជាក់ថា អ្នកនឹងធ្វើបាន។
នេះជាហេតុផល 5 យ៉ាងដែលខ្ញុំមិនចង់ឲ្យអ្នកគិតអវិជ្ជមានឡើយ ព្រោះការគិតអវិជ្ជមានគ្មានជាផលប្រយោជន៍សម្រាប់អ្នកទេ មានតែធ្វើឱ្យជីវិតអ្នកអន់ថយតែប៉ុណ្ណោះ៕
អត្ថបទ៖ ជូន x លួន ស្រីនាង