យោងតាមការបង្ហោះរបស់ក្រុមអ្នកស្រាវជ្រាវ ក្រុមព្រះសុរិយា ទាក់ទិននឹង ខ្សែភាពយន្តរឿង ព្រះពាយផាត់ ដែលត្រូវបានរកការរិះគន់យ៉ាងចាស់ដៃពីសំណាក់ទស្សិកជន។
ខាងក្រោមនេះគឺជាអត្ថន័យទាំងស្រុងព្រមជាមួយខ្សែវីឌីអូដែល ក្រុមព្រះសុរិយាបានចងក្រងឡើងមក៖
ការរិះគន់ខ្សែភាពយន្តរឿងព្រះពាយផាត់នេះ គឺលើចំណុចផ្ទៃរឿងតែម្តង ដោយអ្នកទស្សនាទិទៀនថា ហេតុអ្វីបានជាអ្នកនិពន្ធអោយបងប្អូនបង្កើតស្រឡាញ់គ្នា? បើទោះជាមិនស្គាល់គ្នារឺមិនដឹងថាជាបងប្អូនក៏ដោយ ក៏គួរតែជៀសអោយផុតពីការអោបថើបក្នុងលក្ខណះស្នេហាព្រោះអ្នកទាំងពីរមានឈាមតែមួយ ខុសប្រពៃណីទំនៀមទំលាប់ខ្មែរ ហើយថែមទាំងបណ្តោយអោយតួស្រីឈរយំស្តាយសង្សារ ដែលបងប្រុសបង្កើតខ្លួន រៀបការទៀតនោះ?
មតិរិះគន់នេះបាននិយាយតៗគ្នាពីមួយទៅមួយនៅក្នុងសង្គម ហើយក៏មាននិស្សិតបញ្ញាវ័នដែលបានទៅទស្សនាភាពយន្តនេះ បានសរសេរលិខិតរិះគន់ស្ថាបនាទៅដាក់នៅទីស្នាក់ផលិតកម្មហេមពានទៀតផង។
សូមជម្រាបផងដែរថា រឿងព្រះពាយផាត់នេះ ជាស្នាដៃនិពន្ធថ្មីដោយ អ្នកនិពន្ធម្នាក់ដែលបានយករឿងនេះមកលក់ជូនផលិតករលីយូស្រ៊ាង យកមកដឹកនាំផលិតជាខ្សែភាពយន្តនៅឆ្នាំ១៩៧០។ ខ្សែភាពយន្តនេះសម្តែងដោយ លោក គង់ សំអឿន , វិជ្ជរ៉ាដានី , ប៉ិច សាលឿន , ភួង ផាវី , អ៊ុំ ឈុំរឿន , ម៉ក់ ហូ , ម៉ែ ម៉ឺន , មុត សំអឿន , ត្រង់ ដឺ ជាដើម។ ភាពយន្តនេះបានដាក់បញ្ចូលចម្រៀងពីរបទគឺ បទ សុំស្នេហ៍ព្រះពាយផាត់ និង បទ សំឡេងឃ្លោះការ។
សូមទស្សនាវីឌីអូដែលចងក្រងឡើងដោយក្រុមព្រះសុរិយា៖
ប្រភព៖ ក្រុមព្រះសុរិយា