មិនធម្មតា!!! អណ្តូងខាងលិចរបស់ ពេជ្រ បណ្ឌិត បង្កប់បច្ចេកទេសតែងនិពន្ធនឹកស្មានមិនដល់

កាលពីថ្មីៗនេះនៅលើទំព័រផ្លូវការរបស់អ្នកនិពន្ធ ពេជ្រ បណ្ឌិត ដែលមានឈ្មោះថា ម៉ីសន សុធារី អ្នកនិពន្ធ បានបញ្ចេញនូវស្នាដៃមប្រលោមលោកបែបរន្ធត់មួយដែលមានចំណងជើងថា អណ្តូងខាងលិច ដោយមានអមជាមួយនឹងរូបCoverដ៏ព្រឺព្រួច ឃើញហើយគួរជាទីចាប់អារម្មណ៍។ ប៉ុន្តែ អ្វីដែលធ្វើឱ្យអ្នកគាំទ្រនឹកស្មានមិនដល់នោះគឺ ក្រោយពេលដែល ពេជ្រ បណ្ឌិត បានបង្ហាញពីបច្ចេកទេសតែងនិពន្ធទាំង៤របស់គាត់ វាកាន់តែធ្វើឱ្យយើងនឹកស្មានមិនដល់រឿងមួយនេះមានលក្ខណៈពិសេសបែបនេះ។ ថ្ងៃ KhnongsrokPlus សូមនាំអារម្មណ៍ប្រិយមិត្តមកដឹងពីបច្ចេកទេសនិពន្ធទាំង៤ចំណុចនោះដូចតទៅ៖

អណ្តូងខាងលិចសៀវភៅ

១.ការកំណត់ចលនានិងសកម្មភាពរបស់តួអង្គបង្កើតសំឡេងបង្អើលសម្ងាត់

នៅក្នុងការសរសេរប្រលោមលោកបែបភ័យរន្ធត់ ការបញ្ចេញ សំឡេង គួរឱ្យភ័យខ្លាចមិនអាចចៀសបានទេ ជាញឹកញាប់វាលាន់ចេញពីអណ្តូង ពីក្នុងតង់ ពីបន្ទប់មួយ ពីកេសមួយ ពីហឹបឈើ ពីក្នុងព្រៃ…..។ អ្នកអានច្បាស់ជាយកអារម្មណ៍ «ឮ» ជាសម្ងាត់នោះដោយខ្លួនឯងហើយ ជាប់ស្លុង ចង់ដឹងអំពីប្រភពរបស់វា។

២. បង្កើតព្រឹត្តិការណ៍ជ្រួលច្របល់ងឿងឆ្ងល់ចង់បានចម្លើយ

«ចូលទៅក្នុងផ្ទះនោះធ្វើអី គេថាមានមនុស្សឆ្កួតម្នាក់នៅសម្ងំក្នុងហ្នឹងចាំចាក់យើង» «ដើមឈើធំពីរបីឱប ម្តេចជនរងគ្រោះឡើងទៅបាន?»។ល។ ត្រង់ចំណុចនេះ អ្នកនិពន្ធអាច បង្កើតជាអេក្រង់សិប្បនិម្មិតបានព្រោះអ្នកអានពូកែស្រមៃណាស់ ។ វាហាក់ដូចជា ពេលនេះ គេ កំពុងមើលរឿងរន្ធត់ផ្ទាល់ភ្នែក ឬឃើញដើមកកោះនោះនៅនឹងមុខតែម្តង។

៣. និទានរឿង ស្រដៀង អ្វីដែលគេធ្លាប់បានឮ

ប្រសិនបើចំណុចនៃការសរសេរបែបភ័យរន្ធត់ និងប្រើធាតុ ប្រភេទនិទានដែល បុរាណធ្លាប់ឮចាស់ៗនិយាយ អ្នកអាន នឹងកាន់តែព្រមជឿ ឬបង្ខំចិត្ត គេឱ្យជឿស្លុងឡើងៗ។

នេះជាហេតុផលដែលពេជ្រ បណ្ឌិតមិនអាចសរសេររឿងថ្មីបានប្រសិន មិនបាន និយាយនឹងអ្នកណាម្នាក់ ឮនិទានអំពីរឿងពិតថ្មីណាមួយ ពួកគេបានជួបផ្ទាល់។ ការជជែក រុករកអបិយជំនឿក្នុងសហគមន៍ យើងរស់នៅសំខាន់ណាស់ សម្រាប់យកមកច្នៃខ្សែរឿងប្រភេទនេះឡើង។


៤. បង្កើតភាពតានតឹងនិងបង្កើនល្បឿននៃរឿង

ទោះបីជាដូច្នេះក្តីយើង ក៏គួរតែមានហេតុផលត្រឹមត្រូវសិន សមហេតុផល ដែលធ្វើឱ្យអ្នកអានព្រម ភ័យខ្លាចសិន មុនពេល យើងអាច សរសេរសង្ឃើញឡើងៗ ធ្វើឱ្យពួកគេអន្ទះសារចង់ដឹងការពិត និង ការវិវត្តិបន្តនៃរចនាសម្ព័នរឿង។ ត្រូវដឹងថា មនុស្ស ភាគច្រើនងាយ ភ័យខ្លាចស្រដៀងៗគ្នា ដូចជាការភ័យខ្លាចសត្វ សាហាវ ចចក ពស់ ខ្លា ត្រីឆ្លាម សត្វទេវកថា។ល។ ភ័យខ្លាចភាពងងឹត ទីកន្លែង កខ្វក់ ពីងពាង កំពូលកម្ពស់ពេក សំឡេង ចម្លែកៗ។ល។ ដូច្នេះយើងអាចបង្កើតបញ្ហា ដោយប្រើចំណុចទាំងនេះឡើង។

អណ្តូងខាងលិច

ពេជ្រ បណ្ឌិត៣

ទាំងនេះជាបច្ចេកទេសទាំងបួនក្នុងការតែងនិពន្ធរឿងនេះឡើងមក ហើយទាំងនេះក៏ជាហេតុផលដែលអ្នកមិនគួរមើលរំលងរឿង អណ្តូងខាងលិច របស់អ្នកនិពន្ធ ពេជ្រ បណ្ឌិត ដែរ។

គួរបញ្ជាក់ផងដែរថា ពេជ្រ បណ្ឌិត ក៏ធ្លាប់បញ្ចេញនូវស្នាដៃនិពន្ធជាច្រើនផងដែរ ដែលមានដូចជា បេះដូងមេគង្គ បណ្តាសាររាត្រីរនោច ទំនុកភ្លេងស្នេហ៍ ថ្ងៃចាស់វិលវិញ មនុស្សស្រីនៅមាត់បង្អួច និងរឿងប្រលោមលោកជាច្រើនទៀត៕

ពេជ្រ សៀវភៅ

ចុចទីនេះដើម្បីអាន រឿងអណ្តូងខាងលិច  https://www.meysansotheary.com/an-dong-kang-lech

អត្ថបទ៖ ហៀប រក្សា