ការប្រេះបបូរមាត់គឺជាបញ្ហាមួយដែលមនុស្សជាច្រើនតែងតែជួបប្រទះ ហើយពេលខ្លះវាអាចបណ្តាលមកពីកត្តាជាច្រើនយ៉ាងដូចជាការ អាកាសធាតុត្រជាក់ ឬ ការបរិភោគទឹកមិនបានគ្រប់គ្រាន់ជាដើម។ ម្យ៉ាងទៀត បបូរមាត់គឺមានលក្ខណៈខុសប្លែកពីផ្នែកផ្សេងទៀតនៃរាងកាយរបស់យើង ដោយសារតែវាមិនមានរន្ធញើសដើម្បីបញ្ចេញជាតិទឹកមកក្រៅដើម្បីរក្សាសំណើមនោះឡើយ ហេតុដូចនេះហើយទើបនាំឲ្យអ្នកឧស្សាហ៍ប្រេះបបូរមាត់។ ប៉ុន្តែឈប់បារម្មណ៍ទៀតទៅ ព្រោះខាងក្រោមនេះគឺជាវិធីសាស្រ្តងាយៗដើម្បីបំបាត់បញ្ហាប្រេះបបូរមាត់ដែលអ្នកអាចសាកល្បងអនុវត្តនៅផ្ទះបាន៖
១.Vaseline
ក្រមួន Vaseline គឺមានប្រសិទ្ធិភាពយ៉ាងខ្លាំងក្នុងការប្រឆាំងនឹងបញ្ហាប្រេះបបូរមាត់ ដោយសារតែវាត្រូវបានគេបង្កើតនូវរនាំងដែលអាចផ្តល់ភាពសំណើមដល់បបូរមាត់បាន។ យ៉ាងណាមិញ វាគ្រាន់តែជួយរក្សាភាពសំណើមដល់បបូរមាត់ប៉ុណ្ណោះដូចនេះដើម្បីទទួលបានលទ្ធផលកាន់តែលឿន អ្នកគប្បីលាបក្រែម Lip Balm មួយជាន់ហើយសឹមលាប Vaseline មួយជាន់ទៀតពីលើដើម្បីទទួលបានបបូរមាត់ដែលមានសុខភាពល្អ។
២.ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើគឺសម្បូរទៅដោយសារធាតុប៉ូលីសាការីតដែលមានអត្ថប្រយោជន៍ជាច្រើនក្នុងការផ្តល់សំណើមដល់ស្បែក និង បបូរមាត់ ហើយវាថែមទាំងជួយពន្លឿនក្នុងការបង្កើតកោសិកាថ្មីៗដើម្បីជំនួសកោសិកាចាស់ៗដែលងាប់ទៀតផង។ ចំណែកឯវិធីធ្វើវិញគឺងាយស្រួលបំផុត ដោយអ្នកគ្រាន់តែយកប្រទាលកន្ទុយក្រពើមកពុះជាពីរ ឬ ចិតសម្បកចេញហើយទាញយកសាច់ខាងក្នុងមកលាបលើបបូរមាត់គឺជាការស្រេច។
៣.ទឹកឃ្មុំ
ទឹកឃ្មុំគឺសម្បូរទៅដោយសារធាតុប្រឆាំងមេរោគ និង ជួយដោះស្រាយបញ្ហាប្រេះបបូរមាត់យ៉ាងឆាប់រហ័សថែមទៀតផង។ ដូច្នេះសូមលាបទឹកឃ្មុំសុទ្ធទៅលើផ្ទៃបបូរមាត់របស់អ្នកអោយសព្វ រួចទុកចោលពី២០ទៅ៣០នាទីសឹមជូតចេញ។
៤.ប្រេងដូង
មិនខុសពីទឹកឃ្មុំប៉ុន្មានទេ ប្រេងដូងក៏សម្បូរទៅដោយសារធាតុប្រឆាំងមេរោគផងដែរ ហើយវាថែមទាំងអាចជួយការពារបបូរមាត់អ្នកពីបាក់តេរីផ្សេងៗដែលបណ្តាលឲ្យកើតមានបញ្ហាប្រេះមាត់បានយ៉ាងប្រសើរទៀតផង។ ម្យ៉ាងទៀត អ្នកក៏អាចលាយប្រេងដូងជាមួយនឹងស្ករសដើម្បីបង្កើតបានជាស្រ្កាប់សម្រាប់ជម្រុះកោសិកាចាស់ៗនៅលើបបូរមាត់បានដែរ៕
ប្រភព ៖ បរទេស