យោងតាមការបង្ហោះរបស់ក្រុមអ្នកស្រាវជ្រាវ ក្រុមព្រះសុរិយា រាត្រីថ្ងៃទី១៧ខែតុលាឆ្នាំ២០២១ ទាក់ទិនជាមួយនឹងសាច់រឿង រឿង ស្អែកអូនលាបងហេីយ ភាពយន្តមនោសញ្ចេតនាដ៏ពិសេសមួយរបស់ផលិតកម្ម សុវណ្ណគិរីភាពយន្ត។
ខាងក្រោមនេះគឺជាអត្ថន័យទាំងស្រុងដែល ក្រុមព្រះសុរិយាបានរៀបរាប់៖
នៅក្នុងមីនា ឆ្នាំ១៩៦៩ លេីផ្ទាំងសំពត់សនារោងភាពយន្តអេដែន ខ្សែភាពយន្តរឿង ស្អែកអូនលាបងហេីយ បានបង្ហាញវត្ថមានរបស់ខ្លួនអង្រួនដួងចិត្តមហាទស្សនិកជនខ្មែររាប់សែននាក់អោយរំភេីប សប្បាយរីករាយ ស្រក់ទឹកភ្នែក ទៅតាមទឹកដៃនិពន្ធដ៏ថ្មីស្រឡាងរបស់លោកស្រី ឌី សាវ៉េត និងដឹកនាំរឿងដោយ ផលិតករ ហ៊ុយ គឹង នៃផលិតកម្មសុវណ្ណគិរីភាពយន្ត រួមសម្តែងដោយ តារាភាពយន្ត គង់ សំអឿន , លោកស្រី ឌី សាវ៉េត , លោកស្រី ម៉ែម៉ឺន , លោក គង់ ឌីយ៉ោ , លោក ប៉ិច សាលឿន និងតួជាច្រេីនទៀត។
រូបថតពីរសន្លឹកបញ្ចូលតែមួយនេះ រូបទី១ ត្រង់ឈុតដែលតួឯកស្រីបំពេរស្វាមីអោយគេដោយនិទានរឿងព្រះសុធននាងកែវមនោរា ចំណែករូបទី២ ត្រង់ឈុតតួឯកស្រី មានវ័យចំណាស់ក្រោយពីបែកស្វាមី២០ឆ្នាំហេីយនោះ។
មកដល់ពេលនេះ មិនដឹងថា ហ្វីលនៃភាពយន្តនេះរសាត់អណ្តែតដល់ទីណាឡេីយ នៅសល់តែសំណល់នៃបទចម្រៀងមួយបទគឺបទ ស្អែកអូនលាបងហេីយ ច្រៀងដោយ លោកស្រី រស់ សេរីសុទ្ធា បានធ្វេីអោយមហាទស្សនិកជននឹកឃេីញខ្សែភាពយន្តជាមិនខាន។
រូបភាព និងអត្ថបទស្រាវជ្រាវដោយ ក្រុមព្រះសុរិយា
ប្រភព៖ ក្រុមព្រះសុរិយា