អាជ្ញាធរជាតិអប្សរា និងសមាគមទេសចរណ៍កម្ពុជា រួមគ្នាដាំកូនឈើចំនួន៥០០ដើមនៅតាមដងស្ទឹងសៀមរាប

យោងតាមការបង្ហោះរបស់ អាជ្ញាធរជាតិអប្សរា ទាក់ទិននឹងការ រួមគ្នាដាំកូនឈើចំនួន៥០០ដើមនៅតាមដងស្ទឹងសៀមរាប ដោយបានរៀបរាប់ថា៖

១

អាជ្ញាធរជាតិអប្សរា និងសមាគមទេសចរណ៍កម្ពុជាដែលសហការជាមួយអាជ្ញាធរមូលដ្ឋានបានរួមគ្នាដាំកូនឈើចំនួនប្រមាណ៥០០ដើម នៅបរិវេណស្ពានបច្ចេកទេសតាមដងស្ទឹងសៀមរាបនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១។

២

៣

កិច្ចសហការរួមគ្នាដាំកូនឈើនេះ ក្រោមប្រធានបទ(វប្បធម៌និងបរិស្ថានបៃតង)ក្នុងគោលបំណង ជំរុញភាពបៃតង និងលើកសោភ័ណភាព បេតិកភណ្ឌដ៏អស្ចារ្យសម្រាប់ប្រយោជន៍ទាក់ទាញភ្ញៀវទេសចរនៅក្នុងតំបន់ទេសចរណ៍វប្បធម៌អច្ឆរិយៈ។

៤

៥

៦

ការដាំកូនឈើដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា(CATA)តំណាងរដ្ឋបាលក្រុងសៀមរាប ប្រតិបត្តិករទេសចរណ៍ អាជ្ញាធរភូមិ សង្កាត់ មន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរា និងបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត ។

៧

៨

៩


ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ការដាំកូនឈើថ្ងៃនេះ ជាសកម្មភាពមួយក្នុងចំណោមការងារជាច្រើនដែលអាជ្ញាធរជាតិអប្សរារួមជាមួយអង្គភាព និងស្ថាប័នពាក់ព័ន្ធជាច្រើនបានដាំកូនឡើងវិញ ក្នុងន័យលើកកម្ពស់គម្របព្រៃឈើ បង្កើនទេសភាពបៃតងនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

១០

១១

ឯកឧត្តមមានប្រសាសន៍បន្ថែមថា ព្រៃឈើមាន គុណប្រយោជន៍យ៉ាងខ្លាំងដល់វិស័យបេតិកភណ្ឌ បរិស្ថាន និងការរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូបដែលត្រូវតែយកចិត្តទុកដាក់។

១២

១៣

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា មានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ដាំដើមឈើនៅតាមដងស្ទឹងសៀមរាបពេលនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់ការរួមចំណែកលើកកម្ពស់ និងថែរក្សាបរិស្ថានធម្មជាតិ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍កម្ពុជា ក៏ដូចជាការបណ្តុះគំនិតប្រតិបត្តិករទេសចរណ៍ ព្រមទាំងមហាជនឱ្យចេះស្រឡាញ់ថែរក្សាព្រៃឈើ។

១៥

១៦

សមាគមទេសចរណ៍កម្ពុជា ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរា ដែលបានផ្តល់កូនឈើប្រភេទប្រណីតៗ និងដើមឈើសម្រាប់ដាំលម្អសម្រាប់ព្រឹត្តិការណ៍នេះ។

ក្នុងមួយឆ្នាំៗ អាជ្ញាធរជាតិអប្សរាតែងដាំកូនឈើដោយផ្ទាល់ ចំនួនប្រមាណជាង២ម៉ឺនដើមនៅតាមតំបន់ដែលសឹករេចរឹល ក្នុងគោលបំណងស្តារឡើងវិញនូវគម្របព្រៃឈើនៅក្នុងតំបន់ឧទ្យានអង្គរ ក្នុងនោះមានទាំងការដាំប្រភេទកូនឈើពូជប្រណីតៗ ដូចជា៖ ដើមគ្រញូង បេង នាងនួន ច្រេស និងឈើធ្នង់ ក្រៅពីនោះ ក៏មានដាំកូនឈើសម្រាប់លម្អ ដូចជាដើមផ្កា និងដើមឈើប្រពៃណីជាច្រើនទៀត មានដើមត្នោត ដើមអំពិល ដើមស្តៅ និងដើមរាំង ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋអាចអាស្រ័យផល និងអនុផល ពីព្រៃឈើទាំងនោះបានផង ៕អត្ថបទ៖នាយកដ្ឋានផ្សព្វផ្សាយ

រូបភាព៖លោក ហាប់ គឹមអាន

ប្រភព៖ អាជ្ញាធរជាតិអប្សរា