ផ្ទះខ្មោចគឺជាកន្លែងដែលមនុស្សភាគច្រើនចូលចិត្តទៅលេងដើម្បីភាពសប្បាយ រន្ធត់ និង កាត់បន្ថយភាពស្ត្រេសបានមួយគ្រា។ យ៉ាងណាមិញ McKamey Manor មិនមែនត្រឹមតែជាផ្ទះខ្មោចធម្មតានោះទេ ប៉ុន្តែវាប្រៀបដូចជាគុកសម្រាប់ធ្វើទារុណកម្មអ្នកចូលលេងទៅវិញ។
មុននឹងអាចបង់លុយចូលលេងផ្ទះខ្មោចមួយនេះបាន គេត្រូវឆ្លងកាត់ការពិនិត្យសុខភាព និង សាកសួរព័ត៌មានខ្លះៗពីអ្នកចូលរួមជាមុនសិន។ ហើយប្រសិនបើសមស្របទៅតាមលក្ខន្តិកៈ នោះពួកគេនឹងមានឱកាសដើម្បីចូលលេង។
អ្វីដែលប្លែកខុសពីគេនោះគឺនៅពេលបានចូលលេង អ្នកចូលរួមអាចមានរយៈពេលដល់១០ម៉ោងជាងឯណោះ ហើយរាល់បេក្ខជននឹងត្រូវប្រឈមមុខនឹងអ្វីដែលខ្លួនខ្លាចបំផុត។ ម្យ៉ាងទៀតអ្នកចូលរួមគឺមិនអាចប៉ះពាល់ដល់ក្រុមការងារ ឬ អ្នកសម្តែងនោះទេ ប៉ុន្តែពួកគេអាចធ្វើបាបបេក្ខជនបានតាមចិត្តរហូតដល់ទ្រាំលែងបាន។
មុនពេលចូលរួមលេង ក្រុមការងារបានសាកសួរបេក្ខជនពីអ្វីដែលខ្លួនខ្លាចបំផុតដើម្បីបន្លាចពួកគេនៅពេលចូលលេង។ បេក្ខជនខ្លះត្រូវបានគេចាប់ចង អូសទាញចូលក្នុងលូ ជ្រមុជក្បាលចូលទឹក និង បង្ខំឲ្យញុំាពងទាស្អុយ ឬ ដង្កូវជាដើម។
សាហាវជាងនេះទៅទៀត បេក្ខជនខ្លះគឺត្រូវបានគេឃុំក្នុងមឈ្ឈូសរួចយកទៅកប់ក្នុងដីទាំងរស់ទៀតផង។ យ៉ាងណាមិញ គ្មានព័ត៌មានណាបានបង្ហាញថាធ្លាប់មានមនុស្សស្លាប់នៅកំឡុងពេលលេងនោះទេ ហើយក៏មិនប្រាកដថាគេបិទបាំងការពិត ឬ ក៏អត់ដែរ ប៉ុន្តែមានមហាជនជាច្រើនបានសំណូមពរអាជ្ញាធរឲ្យធ្វើអន្តរាគមន៍បិទផ្ទះខ្មោច McKamey Manor នោះចោល៕
ប្រភព ៖ បរទេស