យោងតាមការបង្ហោះរបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី០៣ខែ មករា ឆ្នាំ ២០២២ ទាក់ទិននឹងបញ្ហា ដើមពោធិ៍ ជ្រៃ និងរុក្ខជាតិធំៗមួយចំនួនទៀតដុះលូតលាស់លឿននៅតាមប្រាសាទបានបង្កហានិភ័យដល់ប្រាសាទ ដោយបានរៀបរាប់ថា៖
ក្រុមការងារកាត់សម្អាតរុក្ខជាតិលើប្រាសាទក្នុងរមណីយដ្ឋានអង្គរ តែងតែបានកាត់សម្អាតរុក្ខជាតិតូចធំជាប្រចាំថ្ងៃទៅតាមផែនការគ្រោងទុកដែលបានរៀបចំឡើងតាមស្ថានភាពជាក់ស្តែងដើម្បីបញ្ជៀសនូវហានិភ័យផ្សេងៗបង្កឡើងដោយរុក្ខជាតិទាំងនោះ។
លោក ងិន ធី អ្នកទទួលបន្ទុកការសម្អាតរុក្ខជាតិតាមប្រាសាទ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ក្នុងចំណោមរុក្ខជាតិទាំងអស់ដែលដុះនៅលើប្រាសាទមានរុក្ខជាតិប្រភេទធំៗមួយចំនួនដូចជា ដើមពោធិ៍ ជ្រៃ ស្ពង់ ដុះជាប់ជាប្រចាំមិនថា រដូវប្រាំងឬវស្សាឡើយ ហើយរុក្ខជាតិទាំងនោះងាយនឹងដុះលូតលាស់លឿនដែលធ្វើឱ្យក្រុមការងារត្រូវយកចិត្តទុកដាក់ក្នុងការកាត់សម្អាតជាប្រចាំ ពោល គឺក្នុងរយៈពេល១ខែកន្លះឬ២ខែត្រូវមកកាត់សម្អាតម្តងមិនដូចរុក្ខជាតិប្រភេទស្មៅឡើយ។ ការធ្វើបែបនេះ ដើម្បីលើកកម្ពស់អនាម័យសោភ័ណភាព និងចៀសវាងធ្វើឱ្យថ្មប្រាសាទក្រៀកឬរលុះនៅពេលរុក្ខជាតិដុះកាន់តែធំ។
មូលហេតុដែលនាំឱ្យរុក្ខជាតិទាំងនោះមកដុះនៅលើប្រាសាទបាន ដោយសារកត្តា ខ្យល់បក់នាំគ្រាប់មកទើលើល្បាក់ថ្ម និងសត្វស្លាប តែងតែពាំគ្រាប់រុក្ខជាតិមកធ្វើជាចំណីរអាហារជាប្រចាំ៕
អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក ហ៊ុំ រិទ្ធី/ លោក ជា វណ្ណៈ
ប្រភព៖ អាជ្ញាធរជាតិអប្សរា