Nemo's Garden មិនមែនជាកសិដ្ឋានធម្មតានៅដាំដុះនៅលើដីនោះទេ ផ្ទុយទៅវិញវាត្រូវបានបង្កើតឡើងនៅក្រោមផ្ទៃទឹកសមុទ្រនៅក្បែរឆ្នេររបស់ប្រទេសអ៊ីតាលី។ ដោយនៅក្នុងកសិដ្ឋានមួយនេះមានដាំទាំងបន្លែ និងផ្លែឈើចម្រុះ គួរឲ្យទាក់ទាញជាទីបំផុត។
គម្រោងនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2012 ដោយលោក Sergio Gamberini ស្ថាបនិកនៃក្រុមហ៊ុន Ocean Reef Group ដែលជាក្រុមហ៊ុនផលិតឧបករណ៍មុជទឹក។ ដោយជាដំបូងគាត់បានបង្កើតគំនិតនៃការដាំរុក្ខជាតិ basil នៅក្រោមទឹក បន្ទាប់មកគាត់និងក្រុមរបស់គាត់ក៏បានចាប់ផ្តើមពិសោធន៍ឧបករណ៍សម្រាប់ធ្វើជាកន្លែងផ្ទុករុក្ខជាតិទាំងនោះ ដែលគេហៅថាជាជីវមណ្ឌល។ លុះប៉ុន្មានថ្ងៃក្រោយ គាត់ក៏បានដាក់ថូមួយជាមួយគ្រាប់ពូជ basil នៅក្នុងជីវមណ្ឌលនោះ ហើយវាបានចេញពន្លកក្នុងរយះពេលត្រឹមតែ 48 ម៉ោងប៉ុណ្ណោះ។
គម្រោងនេះចាប់ផ្តើមផ្តល់ទិន្នផលមួយចំនួនដូចជា សាឡាត់ ត្រសក់ ប៉េងប៉ោះ ផ្លែឈើ និងបន្លែផ្សេងទៀតនៅអំឡុងឆ្នាំ 2019 តែវាត្រូវបានរងការខូចខាតដោយសារព្យុះ។ បន្ទាប់ពីនោះមកការរាតត្បាតនៃមេរោគកូវីដ១៩ក៏បានកើតឡើង ដែលជាហេតុតម្រូវអោយវាបិទទ្វារមួយរយះ និងទើបតែបានបើកឡើងវិញនាពេលថ្មីៗនេះទេ៕
ប្រភព ៖ បរទេស
ប្រែសម្រួលដោយ៖ ឡុងស្រីណុច
រក្សាសិទ្ធដោយ៖ ក្នុងស្រុក