អត្ថប្រយោជន៍ជាច្រើន ដែលអាចទទួលបានតាមរយះការអោប

ជាធម្មតាមនុស្សយើងគឺតែងតែមានអារម្មណ៍រំភើបរីករាយ រាល់ពេលដែលអ្នកទទួលបានការឱបពីមនុស្សសំខាន់ណាម្នាក់។ ជាពិសេសសូម្បីតែការកាន់ដៃនៅពេលដែលយើងកំពុងតែជួបទុក្ខលំបាក ក៏អាចធ្វើអោយយើងមានអារម្មណ៍ស្ងប់ និងធូរស្រាលដោយស្វ័យប្រវត្តិផងដែរ។ ហើយវាក៏មានអត្ថប្រយោជន៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយចំនួនទៀតផងដែរ ដែលរួមមានដូចជា៖

1

១.វាអាចជំរុញឱ្យមានការគិតវិជ្ជមាន និងភាពជឿជាក់

អុកស៊ីតូស៊ីនគឺជាអរម៉ូន "មានអារម្មណ៍ល្អ" ដែលត្រូវបានបង្កឡើង នៅពេលណាដែលអ្នកត្រូវបានឱបក្រសោបដោយនរណាម្នាក់។ ហើយអ្វីដែលអ័រម៉ូននេះធ្វើគឺវាជួយសម្រួលអារម្មណ៍របស់អ្នក អោយមានទស្សនៈសុទិដ្ឋិនិយមជាងមុន។ ម្យ៉ាងទៀត វាធ្វើឱ្យអ្នកមានអារម្មណ៍កក់ក្តៅ និងកាន់តែជឿជាក់លើមនុស្សដែលអ្នកកំពុងតែអោប។

2

២.វាជួយកាត់បន្ថយការថប់បារម្ភ និងភាពតានតឹង

ការប៉ះរាងកាយត្រូវបានគេទទួលស្គាល់ផងដែរថាវាអាចបង្កើនកម្រិតនៃសារធាតុ dopamine និង serotonin នៅក្នុងខ្លួន។ ដោយសារធាតុទាំងនេះបញ្ជូនសរសៃប្រសាទដែលជួយធ្វើឱ្យអ្នកមានអារម្មណ៍ប្រសើរឡើង ជួយបន្ថយការថប់បារម្ភ និងភាពតានតឹង។ មួយវិញទៀតវាក៏ធ្វើឱ្យអ្នកមិនសូវងាយនឹងកើតជំងឺបេះដូង និងបញ្ហាសុខភាពផ្លូវចិត្តផងដែរ។

3


៣.វាបង្កើនប្រព័ន្ធភាពស៊ាំ និងបន្ថយសម្ពាធឈាម

ការប៉ះរាងកាយអាចជួយដល់មុខងារនៃប្រព័ន្ធភាពស៊ាំរបស់អ្នក ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ។ អ្នកស្រាវជ្រាវថែមទាំងបានរកឃើញថាមនុស្សដែលទទួលបានការឱបកាន់តែច្រើនពីដៃគូរបស់ពួកគេនឹងនាំឱ្យអត្រាបេះដូង និងសម្ពាធឈាមធ្លាក់ចុះថែមទៀតផង ដែលជួយអោយសុខភាពកាន់តែប្រសើរ។

4

៤.របៀបដើម្បីទទួលបានផលប្រយោជន៍ពីការប៉ះរាងកាយ

អ្នកមិនចាំបាច់ត្រូវទទួលបានការឱប ថើបពីដៃគូស្នេហាឡើយ។ ព្រោះអ្នកក៏អាចទទួលបានអត្ថប្រយោជន៍ទាំងអស់នេះពីការឱបរបស់ឪពុកម្តាយ បងប្អូនបង្កើត សត្វចិញ្ចឹម មិត្តភក្តិជិតស្និទ្ធ ឬសូម្បីតែអ្នកដទៃ។ ការឱបគ្នាអាចហៅបានថាជាការបញ្ចេញអុកស៊ីតូស៊ីនក្នុងខ្លួន ដែលវាល្អសម្រាប់អ្នក៕

5

ប្រភព ៖ បរទេស