រីករាយទិវាគុណឪពុក នេះជាឃ្លាដែលខ្ញុំចង់និយាយ ប៉ុន្តែ គ្រប់ពេលដែលខ្ញុំនិយាយពាក្យនេះ ទឹកភ្នែកខ្ញុំក៏ស្រក់ចុះមក ព្រោះតែ …

រីករាយទិវាគុណឪពុក Happy Father Day នេះជាឃ្លា ដែលខ្ញុំចង់និយាយដូចគេដូចឯងដែរ តែខ្ញុំនិយាយពាក្យនេះមិនបាន ខ្ញុំមិនមានអារម្មណ៍ចង់និយាយទេ គ្រប់ពេលដែលខ្ញុំចង់ហាមាត់ ទឹកភ្នែកខ្ញុំក៏ស្រក់ចុះមក សំណួររាប់លានចាក់ដោតចោទសួរពេញខួរក្បាលខ្ញុំ សួរថា " តើប៉ាខ្ញុំមានគុណអ្វីខ្លះ សម្រាប់ខ្ញុំ និងគ្រួសារមួយនេះ " ព្រោះតាំងពីខ្ញុំកើតមក រហូតដល់ធំដឹងក្ដី អ្វីដែលខ្ញុំដឹងនោះគឺ មានតែម៉ាក់ប៉ុណ្ណោះ ដែលខំប្រឹងពុះពារ ព្យាយាម ខំកាត់ព្យុះភ្លៀង ដើម្បីចិញ្ចឹមខ្ញុំឱ្យធំ និងរស់នៅក្នុងជីវិតមួយដែលល្អប្រសើរ។

ក្នុងកែវភ្នែកខ្ញុំ តាំងពីតូចមក​ ខ្ញុំសម្លឹងឃើញតែ ភាពងាត្មានិយមរបស់ប៉ា ខ្ញុំឃើញតែការជាន់ឈ្លី និងធ្វើបាប ដែលប៉ាប្រព្រឹត្តលើម៉ាក់ រយៈពេលជាងម្ភៃឆ្នាំហើយ ដែលម៉ាក់ទ្រាំជាមួយនឹងអំពើខ្វះភាពជាប្ដី ជាឪពុក ជាមេគ្រួសាររបស់ប៉ា ព្រោះតែម៉ាក់ មិនចង់ឱ្យកូនក្លាយជាក្មេងកំព្រាគ្មានឪពុក ទើបម៉ាក់ទ្រាំគ្រប់សព្វបែបយ៉ាង។

អ្វីដែលប៉ាធ្វើរយៈពេលជាងម្ភៃឆ្នាំនេះគឺ ប្រព្រឹត្តល្បែងបំផ្លាញគ្រួសារ ផឹកស៊ីប្រើហិង្សា វាយធ្វើបាបម៉ាក់ ចុងក្រោយ ប៉ាក៏មានស្រី ចិញ្ចឹមស្រី ក្បត់ចិត្តម៉ាក់បន្ថែមពីលើទៀត កុំថាឡើយ ឱ្យប៉ារកស៊ីចិញ្ចឹមខ្ញុំ សូម្បីតែពាក្យប្រៀបប្រដៅល្អៗ សម្រាប់កូនតទៅអនាគត ក៏ប៉ាគ្មានសម្រាប់កូនដែរ។

ក្នុងភ្នែកគ្រប់គ្នា ប្រហែលជាគិតថា ខ្ញុំជាក្មេងចង្រៃ ជាកូនអកត្តញ្ញូ ដែលមិនដឹងគុណឪពុក តែបើអ្នកជាខ្ញុំ អ្នកនឹងយល់អារម្មណ៍មួយនេះ​ អារម្មណ៍ដែល មានប៉ា តែដូចអត់ប៉ា មានប៉ា មានតែបញ្ហា និងការឈឺចាប់ សួរថា ជីវិតខ្ញុំឯកា និងឈឺផ្សាកម្រិតណាទៅ? ពិតមែនហើយ ជាឪពុកម្ដាយ មិនថាយ៉ាងណា ក៏នៅតែជាអ្នកមានគុណ ខ្ញុំយល់ ខ្ញុំដឹង តែខ្ញុំទទួលយកមិនបានទេ ដែលអ្នកមានគុណខ្ញុំ ធ្វើបាប និងបំផ្លាញអ្នកមានគុណម្នាក់ទៀតរបស់ខ្ញុំ តែខ្ញុំអាចនិយាយបានត្រឹមតែថា ប្រហែលជាខ្ញុំ មានកម្មហើយ ទើបខ្ញុំត្រូវកើតមក ជាមួយនឹងឪពុកបែបហ្នឹង តែយ៉ាងណា ក៏ខ្ញុំមានម្ដាយម្នាក់ គឺម្ដាយដ៏អស្ចារ្យ ​​​​ម្ដាយដែលខំធ្វើគ្រប់យ៉ាងដើម្បីកូន ប៉ុណ្ណឹង ជីវិតខ្ញុំក៏មានន័យណាស់ហើយ៕

A10635d93c4159df01377948791e8b34


Blissfulgratitude 2

Motherhood_drawing_pregnant_woman_baby_icons_colored_cartoon_6834916

Npr Bedsharing_final_custom 340b6b4aec77374ad7d46eb86a22e844370f76e6 S800 C85

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ