ជាការពិតណាស់ ដោយសារតែវីរុសថ្មី Covid-19 បាននឹងកំពុងតែរាលដាលខ្លាំងលើពិភពលោក ថែមទាំងកម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសនេះជាច្រើនករណីជាបន្តបន្ទាប់នោះ បានធ្វើឱ្យមហាជនមានការព្រួយបារម្ភជាខ្លាំង ខ្លាចថាខ្លួនមានផ្ទុកវីរុសនេះរាល់ពេលមានរោគសញ្ញាសង្ស័យណាមួយ។
ដូច្នេះហើយបានជារាល់មានករណីសង្ស័យមានមនុស្សជាច្រើនបានសម្រុកទៅធ្វើតេស្តរកវីរុសនេះ យ៉ាងកុះករ តែដោយសារឧបករណ៍នេះមានកំណត់ គ្រូពេទ្យនឹងតាមដាន និងវិនិច្ឆ័យរោគសញ្ញាឱ្យអ្នកដែលមានភាគរយសង្ស័យខ្ពស់បំផុតប៉ុណ្ណោះដែលអចធ្វើការពិនិត្យរកវីរុស Covid-19 នេះបាន។
យ៉ាងណាមិញថ្មីៗនេះស្រាប់តែមានអ្នកលក់ទំនិញតាមអនឡាញជាច្រើន បានធ្វើការដាក់លក់ផលិតផលធ្វើតេស្តរកវីរុស Covid-19 នេះដោយខ្លួនឯងយ៉ាងអនាធិបតេយ្យ ថែមទាំងបានថតរូប និងវីដេអូពិសោធន៍ ដោយអះអាងថាជាឧបករណ៍ដែលចរាចរណ៍លើទីផ្សារចិន និងមានការទទួលស្គាល់ពីអង្គការពិភពលោក ដែលការពិតទៅវាជាឧបករណ៍ដែលមិនមានការទទួលស្គាល់ទាល់តែសោះ។
តាមរយៈគណនីហ្វេសប៊ុកលោក ផែង វណ្ណៈ បានឱ្យដឹងថា៖ «ព័ត៌មានក្លែងក្លាយ ដេីម្បីបំពុលសង្គមតែប៉ុណ្ណោះ !
សូមបងប្អូនកុំជឿ និង ចាញ់បោកការឃោសនាលក់ផលិតផល តេស្ត រកកូវីដ១៩ ដែលបង្ហោះលក់តាម ហ្វេសប៊ុក អោយសោះ ព្រោះក្រសួងសុខាភិបាល ធ្លាប់បញ្ជាក់ហេីយ គឺ មានតែ វិទ្យាស្ថាន ប៉ាស្ទ័រ ១ គត់ ដែលមានឧបករណ៍ត្រឹមត្រូវធ្វើតេស្តរកមេរោគ កូវីដ ១៩ ច្បាស់លាស់ល្អ ។
ខ្ញុំសូមអង្វរលោក លោកស្រី ដែល ចង់ល្បី ចង់មានបាន ដោយសារកូវីដ ១៩ មេត្តា ស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលផង ។ កុំចេះតែផ្សាយតាមអំពេីចិត្ត អាងអីលប់ចេញវិញ ហេីយផុសសុំទោសតាមក្រោយ ។ រឿងដដែលៗពេកហេីយ ! »។
ដើម្បីបញ្ជាក់ឱ្យច្បាស់ពីបញ្ហានេះ នាព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២០ នេះ ក្រសួងសុខាភិបាលក៏បានចេញសេចក្តីប្រកាសបន្ថែមពីព័ត៌មានការរកឃើញអ្នកផ្ទុកវីរុស Covid-19 ផងដែរថា រាល់ឧបករណ៍តេស្តរក Covid-19 រហ័សដោយខ្លួនឯងដែលមានដាក់លក់នៅក្នុងអនឡាញមិនទាន់មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក WHO និងក្រសួងសុខាភិបាលនៅឡើយនោះទេ ពិសេសវាមានប្រសិទ្ធភាពទាបណាស់ អាចនឹងមានលទ្ធផលខុសពីការពិត ឬមិនច្បាស់។ ដូច្នេះប្រសិនជាមានជនណាម្នាក់ហ៊ានធ្វើការផ្សព្វផ្សាយលក់ជាសាធារណៈដោយមិនមានការអនុញ្ញាតិពីក្រសួងសុខាភិបាលនឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់។
ដោយបន្ថែមពីនោះគ្រសួងសុខាភិបាលក៏បានបញ្ជាក់ថា មានតែវិទ្យាស្ថានជាតិស្រាវជ្រាវសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាតែប៉ុណ្ណោះដែលកំពុងតែប្រតិបត្តិការតាមបច្ចេកទេស និងគោលការណ៍របស់អង្គការសុខភាពពិភពលោក ដែលលទ្ធផលមានការទទួលស្គាល់ជាផ្លូវការ សូមបងប្អូនកុំប្រើប្រាស់ឧបករណ៍តេស្តដោយខ្លួនឯងឱ្យសោះ៕
សូមអានសេចក្តីប្រកាសខាងក្រោមនេះដែលមាន ២ទំព័រ ៖