ក្នុងសង្គមបច្ចុប្បន្ន មិនថាតែប្រទេសយើង ឬបណ្តាប្រទេសនានានោះទេ បញ្ហាផ្លូវចិត្តនេះ បានកំពុងតែរាលដាលប្រៀបបីដូចជាមេរោគដ៏កាចសាហាវអាចធ្វើឱ្យចិត្តគំនិតមនុស្សមានការធ្លាក់ចុះយ៉ាងខ្លាំង ព្រមទាំងអាចឈានទៅរកការសម្លាប់ជីវិតមនុស្សដោយប្រយោលផងដែរ ដោយសារតែមនុស្សម្នាក់ៗ អ្នកណាដែលថាគ្មានរឿងក្នុងចិត្ត អ្នកណាដែលថាគ្មានបញ្ហាក្នុងជីវិត និងជួបប្រទះការលំបាកផ្សេងៗនោះ គ្រាន់តែអ្នកខ្លះជួបប្រទះតិច ឬក៏ច្រើនតែប៉ុណ្ណោះ។
ចំណែកឯការគិតតែដ្រាម៉ារៀបរាប់ប្រាប់អ្នកនេះអ្នកនោះ ឬការលាក់ទុកសំងំកើតទុក្ខតែម្នាក់ឯងមិនមែនជាដំណោះស្រាយដ៏ល្អទេ ហើយបើទោះជាមិត្តភក្តិ ឬក្រុមគ្រួសារអាចនឹងផ្តល់យោបល់ និងលើកទឹកចិត្តអ្នកបានក៏ពិតមែន តែពួកគេមិនមែនជាអ្នកជំនាញដែលអាចយល់ដឹង និងអាចជួយរកវិធីសោះស្រាយបញ្ហាដ៏ត្រឹមត្រូវនោះទេ។ មានតែអ្នកជំនាញខាងចិត្តសាស្រ្តតែប៉ុណ្ណោះដែលអាចជួយដោះស្រាយបញ្ហាផ្លូវចិត្តឱ្យអ្នកបានជាមួយនឹងយោបល់ រួមទាំងគំនិតល្អៗពោរពេញដោយវិជ្ជាជីវៈ។
ដូច្នេះ ខាងក្រោមនេះ ជាហេតុផលមួយចំនួន ដែលអ្នកត្រូវតែទៅមន្ទីរពេទ្យចិត្តសាស្រ្តដើម្បីពិភាក្សាពីបញ្ហាផ្លូវចិត្តរបស់អ្នក៖
១. ជាកន្លែងបន្ធូរបន្ថយអារម្មណ៍
ដោយសារតែការងារ និងកិច្ចការប្រចាំថ្ងៃរបស់អ្នកមានភាពមមារញឹកច្រើន ធ្វើឱ្យអ្នកគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯងក្នុងការបន្ធូរបន្ថយអារម្មណ៍ ភាពតានតឹង និងបញ្ចេញទុក្ខសោកចេញមកក្រៅបាន។ ដូច្នេះការទៅជួបពេទ្យចិត្តសាស្រ្តប្រៀបបីដូចជាការបន្ធូរភាពតានតឹងមួយផងដែរសម្រាប់សុខភាពផ្លូវចិត្តរបស់អ្នក ដែលអាចធ្វើឱ្យអ្នកអាចរកដំណោះស្រាយបញ្ហាជីវិត ទទួលបានគំនិតល្អៗរួមទាំងបង្កើនការទំនាក់ទំនងជាមួយមនុស្សនៅខាងក្រៅផងដែរ។
២.ធ្វើឱ្យអ្នកយល់រឿងជាច្រើន
អ្នកអាចនឹងមានរឿងជាច្រើនដែលត្រូវខ្វល់ ត្រូវគិត និងមានអារម្មណ៍ច្រើនយ៉ាងច្របូកច្របល់ក្នុងពេលវេលាកន្លងមក ដែលធ្វើឱ្យអ្នកមានភាពស្រពេចស្រពិល និងស្មុគស្មាញក្នុងជីវិតច្រើន។ ការទៅជួបពេទ្យចិត្តសាស្ត្រអាចឱ្យអ្នករៀបរាប់បញ្ហាផ្លូវចិត្ត រួមទាំងទទួលបានបទពិសោធន៍ រួមទាំងផ្តល់ការយល់ដឹងត្រលប់មកវិញផងដែរ។ បន្ទាប់ពីបានជួបពេទ្យចិត្តសាស្រ្តអ្នកប្រាកដជាទទួលបានភាពភ្លឺស្វាង និងគិតយល់ពីរឿងជាច្រើនក្នុងផ្លូវវិជ្ជមាន។
៣.គ្មានអ្នកណាថាឱ្យអ្នកទេ
មនុស្សយើងពេលមានទុក្ខ មានការលំបាក និងស្ថិតក្នុងស្ថានភាពមិនល្អផ្សេងៗ អាចនឹងទៅរកមិត្តភក្តិ ក្រុមគ្រួសារ ឬមនុស្សជិតស្និទ្ធដើម្បីនិយាយរឿងក្នុងចិត្ត។ មែនហើយវាជារឿងល្អមួយដែលមានអ្នកស្តាប់ តែអ្នកប្រាកដចិត្តយ៉ាងណាថា ពួកគេសុទ្ធតែអាចលើកទឹកចិត្ត ផ្តល់យោបល់ល្អៗ និងអាចជួយរកដំណោះស្រាយឱ្យអ្នកបាន ដោយគ្មានការបន្ទោស និងបង្អាប់ នោះ?
ផ្ទុយទៅវិញ គ្រូពេទ្យចិត្តសាស្រ្តគឺជាអ្នកស្តាប់ដ៏ល្អបំផុត ដែលអាចវិភាគ និងមានការយល់ដឹងពីប្រតិកម្មរាងកាយរបស់អ្នក ព្រមទាំងអារម្មណ៍ដែលអ្នកកំពុងតែនិយាយចេញមកថាកំពុងតែមានបញ្ហា និងជួបប្រទះស្ថានការណ៍លំបាកមានទំហំប៉ុណ្ណានោះ។ ពួកគេអាចវិនិច្ឆ័យបញ្ហាផ្លូវចិត្ត និងរឿងដែលអ្នកកំពុងតែជួបប្រទះ ហើយអាចជួយផ្តល់យោបល់ និងដំណោះស្រាយបញ្ហាឱ្យអ្នកយ៉ាងត្រឹមត្រូវតាមអ្វីដែលអ្នកចង់បានទៀតផង។
៤. ទទួលបានគំនិត ឬមតិថ្មីៗ
ក្នុងពេលដែលអ្នកមានបញ្ហា ឬទុក្ខលំបាក រាល់ពេលនិយាយជាមួយមិត្តភក្តិ ឬក្រុមគ្រួសារ ពួកគេអាចនឹងមិនហ៊ាននិយាយរឿងរ៉ាវជាច្រើន ឬគេនិយាយថាមិនហ៊ាននិយាយពាក្យពិតដើម្បីជួយអ្នក ឬកែលម្អអ្នកជាដើមដោយសារតែហេតុផលការគិតរបស់មនុស្សមួយចំនួន។
ប៉ុន្តែអ្នកចិត្តសាស្រ្តខុសពីមនុស្សដែលអ្នកបានស្គាល់ ដោយសារតែអ្នកចិត្តសាស្រ្តសុទ្ធតែបានសិក្សាច្បាស់លាស់ មានបទពិសោធន៍ រួមទាំងជួបប្រទះនឹងអ្នកជំងឺដែលមានបញ្ហាផ្លូវចិត្តច្រើន ដូច្នេះពួកគេនឹងនិយាយប្រាប់អ្នក ឬផ្តល់យោបល់អ្នកចំៗដោយគ្មានការលាក់លៀមរាល់រឿងអវិជ្ជមានរបស់អ្នកនោះទេ។ ដែលទាំងនេះសុទ្ធតែអាចផ្តល់គំនិតថ្មីៗឱ្យអ្នក រួមទាំងអាចឱ្យអ្នកយល់រឿងរ៉ាវពីខ្លួនឯងច្បាស់ជាងពេលកន្លងមក ហើយធ្វើឱ្យអ្នកចាប់ផ្តើមអាចកែប្រែខ្លួនឯង ព្រមទាំងទម្លាប់អវិជ្ជមានដែលធ្លាប់ធ្វើកន្លងមកផងដែរ។
៥.និយាយចេញមកអ្វីៗនឹងល្អជាងមុន
អ្នកចិត្តសាស្រ្ត គឺជាអ្នកស្តាប់ដ៏ល្អមួយ ដែលអនុញ្ញាតិឱ្យអ្នកនិយាយ រៀបរាប់រឿងក្នុងចិត្តមិនថាបញ្ហា ទុក្ខសោក និងរឿងរ៉ាវការលំបាកមួយចំនួន ដោយបង្ហាញការយកចិត្តទុកដាក់នូវអ្វីដែលអ្នកនិយាយ ព្រមទាំងនៅស្ងៀមស្ងាត់ មិនមានការនិយាយកាត់ និងសម្តែងភាពធុញទ្រាន់។ ដូច្នេះអ្នកអាចនិយាយចុះ សម្តែងអារម្មណ៍ទុក្ខសោកមក ហើយប្រសិនជាវាធ្ងន់ធ្ងរខ្លាំងឱ្យទឹកភ្នែកស្រក់មកចុះ នោះអ្នកនឹងមានភាពធូរស្រាលក្នុងអារម្មណ៍ជាមិនខាន។
៦. ប្រាប់ពាក្យពិត
មនុស្សជាច្រើនមានការលម្អៀង និងលាក់លៀមច្រើននៅក្នុងជីវិតដោយសារតែការស្អប់ និងការស្រលាញ់។ មិត្តភក្តិ មនុស្សដទៃ និងក្រុមគ្រូសារ អាចនឹងប្រាប់អ្នក ឬផ្តល់យោបល់ល្អៗ (សរសើរ/បញ្ចើចបញ្ចើរ) ដោយសារតែខ្លាចអ្នកខូចចិត្ត ឬចង់លើកទឹកចិត្តអ្នក។ ឬមានអ្នកខ្លះ ផ្តល់យោបល់អាក្រក់ ដើម្បីបំបាក់ទឹកចិត្តដោយសារតែការស្អប់ ឬច្រណែនអ្នកជាដើម។
ប៉ុន្តែអ្នកចិត្តសាស្រ្តគឺជាមនុស្សដែលស្មោះត្រង់ និងនិយាយពាក្យពិតជានិច្ច។ មិនថាតែអ្នកមានរឿងល្អៗ ឬអ្នកមានភាពវិជ្ជមានក្នុងខ្លួនយ៉ាងណាទេ ពួកគេនឹងមិនសរសើរ ឬមិនលាក់លៀមនូវកំហុសឆ្គង និងបញ្ហាអវិជ្ជមាន ឱ្យអ្នកបន្តធ្វើកំហុសដដែលៗនោះទេ។ បើខុសគឹនឹងនិយាយថាខុស ប្រសិនជាត្រូវពួកគេនឹងនិយាយថាត្រូវ ដូច្នេះអ្នកអាចមើលឃើញកំហុសឆ្គងខ្លួនឯង ព្រមទាំងរកវិធីកែប្រែខ្លួនឯងឱ្យកាន់តែល្អជាងមុនផងដែរ។
៧.អ្វីដែលអ្នកត្រូវធ្វើ
បើទោះបីជាអ្នកចិត្តសាស្ត្រ ជាអ្នកស្តាប់ដ៏ល្អ និងអាចផ្តល់យោបល់ ឬណែនាំអ្នកក្នុងការដោះស្រាយបញ្ហាក៏មិនមែន តែមិនមែនពួកគេស្វែងរកដំណោះស្រាយរឿងដែលអ្នកជួបប្រទះដោយផ្ទាល់តែម្តងនោះទេ។ ប្រៀបបីដូចជាការមិនយកត្រីឱ្យស៊ី តែបង្រៀនឱ្យអ្នកចេះស្ទូចត្រី អ្នកចិត្តសាស្ត្រក៏បែបនេះដែរ ពួកគេនឹងព្យាយាមស្វែងសរកគន្លឹះ និងវិធីសាស្រ្តល្អៗណែនាំអ្នក ឱ្យអ្នកចេះប្រើខួរក្បាលមកគិត ព្រមទាំងមានឆ្លាតវៃដោះស្រាយបញ្ហាដោយខ្លួនឯងបានថែមទៀតផង។
ដូចដែលអ្នកឃើញហើយ មិនមែនទាល់តែឆ្កួតឬ សរសៃប្រសាទទើបទៅពេទ្យចិត្តសាស្ត្របាននោះទេ ដោយសារតែការព្យាបាលជំងឺ ក៏ត្រូវតែព្យាបាលឱ្យត្រូវតាមប្រភេទជំងឺដែរ។ ឈឺរាងកាយខាងសុខភាពត្រូវរត់រកវេជ្ជបណ្ឌិតព្យាបាល ឯមានបញ្ហាសុខភាពផ្លូវចិត្តប្រាកដជាត្រូវរត់រកពេទ្យចិត្តសាស្រ្តទើបជារឿងត្រឹមត្រូវ។ ដូច្នេះកុំមានការខ្មាសអៀនឱ្យសោះ មានបញ្ហាក្នុងចិត្ត ស្មុគស្មាញក្នុងជីវិត ឬគិតថាខ្លួនឯងកំពុងតែមានបញ្ហាផ្លូវចិត្ត អ្នកអាចចំណាយពេលទៅជួបពិភាក្សាជាមួយពេទ្យចិត្តសាស្រ្តបាន ដើម្បីឱ្យសុខភាពផ្លូវចិត្តរបស់អ្នកមានភាពល្អប្រសើរឡើងវិញ៕