ជារឿងគួរឱ្យសរសើរណាស់ ថ្មីៗនេះមានបុរសពិកាម្នាក់ ត្រឹមតែជាជនសាមញ្ញសោះ តែប្រឹងធ្វើការរកប្រាក់ទាំងលំបាក ទិញដីបានដល់ទៅ ៥០ហិចតា តែបែរជាធ្វើសប្បុរសធម៌ចែកជូនដីជូនគ្រួសារក្រីក្រដែលធ្លាប់លំបាកដូចខ្លួនចំនួន ៣០០គ្រួសារឯណោះ។
បុរសសប្បុរសធម៌មួយរូបនេះ ត្រូវបានគេដឹងថាមានឈ្មោះ លឹម ភា អាយុ៤១ឆ្នាំ មានប្រពន្ធឈ្មោះ ធី ណារី អាយុ៣៤ឆ្នាំ មានកូន៧នាក់ តាមការរៀបរាប់ប្រវត្តិរបស់លោកនោះ លោកបានឱ្យដឹងថាលោកគឺជាអតីតយោធាខ្មែរក្រហមក្នុងអំឡុងឆ្នាំ១៩៩៨ ហើយអំឡុងឆ្នាំ២០០៤ លោកបានដោះគ្រាប់មីនបណ្តាលឱ្យផ្ទុះដាច់ដៃទាំងសងខាង និងខ្វាក់ភ្នែកខាងឆ្វេងផងដែរ។
តែទោះជាធ្លាក់ខ្លួនជាជនពិការ លោកមិនចុះចាញ់នឹងជីវិតឡើយ ដោយលោកបានសម្រេចចិត្តធ្វើចំណាកស្រុកទៅប្រទេសថៃ ដើរច្រៀងសុំទាន រហូតដល់ឆ្នាំ២០១០ អស់រយៈពេល៥ឆ្នាំ ដល់ដើមខែមករា២០១១ លោកបានចាកចេញពីប្រទេសថៃ ចូលទៅប្រទេសម៉ាឡេស៊ី ហើយប្រកបរបរជាលក់ទឹកឃ្មុំវិញម្តងរួចក៏សន្សំបានលុយមកទិញដីបន្ថែមបានចំនួន៥០ហិកតា។
ក្រោយការជោគជ័យនោះ លោកក៏មិនបំភ្លេចគ្រាលំបាកឡើយ ដោយនៅដើមខែមករា ឆ្នាំ២០២០លោកបានពុះឡូត៍ជាប្លង់ដីបានចំនួន៦០០ប្លង់ ក្នុង១ប្លង់ៗមានទំហំ៨ម៉ែត្រគុណនឹង១៨ម៉ែត្រ ទុកសម្រាប់បែងចែកដល់ប្រជាពលរដ្ឋក្រីក្រនិងជនពិការ ដែលពេលនេះ ប្រជាពលរដ្ឋរួមទាំងជនពិការ៣០០គ្រួសារ បានមកទទួលយកដីសាងសង់លំនៅឋានរៀងៗខ្លួនរួចរាល់អស់ហើយ និងកំពុងរស់នៅផងដែរ។
គួរឱ្យដឹងផងដែរថា ដីចំនួន៥០ហិកតា ដែលត្រូវបានបុរសសប្បុរសធម៌នេះធ្វើការចែកជូននេះ គឺស្ថិតនៅភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ៕