ជម្លោះគ្នាឯង និងការដួលរលំនៃអាណាចក្រ ក្រិក

អាណាក្រក្រិច ជាអាណាចក្រដ៏ល្បីល្បាញ និងសាបព្រូសនយោបាយ មនោគមវិជ្ជា និងទស្សនវិជ្ជាទៅបណ្តាលប្រទេសទាំងអស់ដែលធ្លាប់ក្រោមការកាន់កាប់របស់ ក្រិច បុរាណ តួយ៉ាងដូចជានៅបណ្តាលប្រទេស អឺរ៉ុប ដូចជា បារាំង អង់គ្លេស ជាដើម ។ ហើយអ្វីដែលគេស្គាល់ជាទូទៅ និងតែងតែយកមកបង្រៀននៅតាមសាលា ក្នុងនោះក៏មានកម្ពុជាផងដែរ នោះគឺទស្សនវិជ្ជា ដែលមានទស្សនវិទូដូចជា សូក្រាត ផ្លាតុង និងអារីស្តូត ជាដើម ដែលសុទ្ធសឹងតែជាទស្សនវិទូដ៏ល្បីតាំងសម័យ ក្រិច រហូតមកដល់បច្ចុប្បន្ននេះ ។

បុរី អាថែន ជាបុរីមួយដ៏សំខាន់ មានភាពរុងរឿង មានឈ្មោះល្បីល្បាញ ហើយបានពង្រីកឥទ្ធិពលរបស់ខ្លួនទៅកាន់បុរីរដ្ឋផ្សេងៗទៀតរបស់ ក្រិច អាថែន គឺជាអ្នកបង្កើតរបៀបដឹកនាំតាមបែបប្រជាធិបតេយ្យជា លើកដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ។ សូក្រាត ទស្សនវិទូដែលគេស្គាល់គ្រប់គ្នានៅទូទាំងពិភពលោកមកទល់សព្វថ្ងៃនេះ គឺជាពលរដ្ឋ ក្រិច ។ កាលពីប្រមាណជាជិត ២៥០០ឆ្នាំមុន រដ្ឋបុរសក្រិច ដ៏ល្បីល្បាញម្នាក់ឈ្មោះ ពែរីក្លេស្ស បានថ្លែងនៅក្នុងសន្ធថរកថារបស់លោក "របបនយោបាយរបស់យើងគឺគំរូដល់អ្នកដទៃ សម្រាប់ប្រទេសរបស់យើង រដ្ឋធ្វើការដើម្បីប្រយោជន៍មនុស្សភាគច្រើន មិនមែនសម្រាប់ផល ប្រយោជន៍របស់មនុស្សមួយក្តាប់តូចនោះទេ ដូច្នេះហើយ បានជាយើងហៅរបបនយោបាយនេះថាជារបប ប្រជាធិបតេយ្យ ប្រជាជនទាំងអស់មានសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់ "ច្បាប់" ដែលការពារអ្នកទន់ខ្សោយ ។ ជាការពិតថាអ្វីមិនអាចនៅជាអមតៈបាននោះទេ នៅថ្ងៃណាមួយប្រជាជាតិយើងនឹងត្រូវធ្លាក់ចុះទន់ខ្សោយ ក៏ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយ អស់លោកអ្នកដែលរស់នៅសម័យកាលរាប់សតវត្សន៍ទៅថ្ងៃអនាគតទៀត អាចនឹងនិយាយពីពួកយើង ថាពួកយើង គឺជាអ្នកដែលបានបង្កើតបុរីរដ្ឋដ៏ល្បីល្បាញ និងប្រកបដោយសុភមង្គលបំផុត"

Greece

ជាការពិតសម្តីរបស់ ពែរីក្លេស្ស ពិតជាមិនខុសនោះទេ ទោះបីជា ប្រជាធិបតេយ្យសម័យនេះមិនដូចនឹងប្រជាធិបតេយ្យសម័យ ក្រិច តែអ្វីដែលជាការពិត គី ក្រោយពេលដែល ក្រិច ដួលរលំ ពិភពលោកនៅតែចងចាំ និងនិយាយពី ក្រិច រហូតមកទល់សព្វថ្ងៃនេះ ។

នៅពេលដែលប្រទេសមួយមានការរួបរួមគ្នា ប្រទេសនោះច្រើនតែស្គាល់នូវភាពរុងរឿង ផ្ទុយទៅវិញប្រសិនបើមានការបែកបាក់គ្នា ការធ្វើសង្គ្រាមហែកហួរគ្នាឯង ប្រទេសប្រាកដជានឹងត្រូវធ្លាក់ចុះទន់ខ្សោយ ហើយ អាចនឹងត្រូវរលំរលាយ ធ្លាក់ទៅក្នុងការត្រួតត្រារបស់បរទេស នេះគឺជាភាពពិតជាក់ស្តែងដែលកើតមានឡើងនៅគ្រប់កន្លែង ទាំងនៅក្នុងសម័យកាលបច្ចុប្បន្ន ក៏ដូចជាសម័យបុរាណ ។ កាលពីប្រមាណជា ២៥០០ ឆ្នាំមុន ក្រិក ដែលមានការរួបរួមគ្នាអាចច្បាំងឈ្នះមហាអំណាចពិភពលោក គឺ អាណាចក្រ ពែក្ស៍ រួចហើយ ក្រិក ខ្លួនឯងក៏ទទួលស្គាល់នូវភាពរុងរឿងជាប្រទេសមហាអំណាចដ៏សំខាន់មួយនៅលើពិភពលោក ក៏ប៉ុន្តែ ភាពរុងរឿងរបស់ ក្រិក បានឈានមកដល់ទីបញ្ចុប់នៅពេលដែល ក្រិក បែកបាក់គ្នា ហើយគិតតែពីធ្វើសង្គ្រាមហែកហួរគ្នាឯង គឺនៅក្នុងសង្គ្រាមដែលគ្រប់គ្នាស្គាល់ថា​ជាសង្គ្រាម ពីឡូពោណេជ្ស៍ ។


5 32

ក្រិក សម័យបុរាណ គឺជាបណ្តុំនៃបុរីតូចៗជាច្រើន ដែលមានរចនាសម្ព័ន្ធដឹកនាំឯករាជ្យដាច់ចេញពីគ្នា ប្រៀបបាននឹងកូនរដ្ឋតូចៗដែលគេអោយឈ្មោះថា "បុរីរដ្ឋ" ។ សង្គ្រាម ពីឡូពោណេជ្ស៍ ដែលបានចាប់ផ្ទុះឡើងពី ឆ្នាំ ៤៣១-៤០៤ មុនគ.ស គឺជាសង្គ្រាមរវាងបក្សសម្ព័ន្ធពីរនៃបុរីរដ្ឋ ក្រិក គឺបក្សសម្ព័ន្ធម្ខាងដឹកនាំដោយ អាថែន និងបក្សសម្ព័ន្ធម្ខាងទៀតដឹកនាំដោយ ស្ពាក ។ នៅទីបញ្ចប់គឺខាងបក្សសម្ព័ន្ធរបស់ ស្ពាក គឺជាអ្នកដែលទទួលជ័យជំនះ ក៏ប៉ុន្តែសង្គ្រាម ៣០ឆ្នាំនេះបានធ្វើអោយ ក្រិក ទាំងមូលដែលត្រូវធ្លាក់ចុះទន់ខ្សោយ អថែន ដែលចាញ់សង្គ្រាមត្រូវវិនាសហិនហោច ហើយរបបប្រជាធិបតេយ្យត្រូវដួលរលំ ក៏ប៉ុន្តែក្នុងពេលជាមួយ គ្នា បក្សសម្ព័ន្ធរបស់ ស្ពាក ដែលជាអ្នកឈ្នះសង្គ្រាមក៏បានជួបប្រទះនឹងភាពក្រីក្រនៅគ្រប់តែស្ទើរទីកន្លែងដែរ ។

សង្គ្រាម ពីឡូពោណេជ្ស៍ បានធ្វើអោយភាពរុងរឿងនៃមហាអំណាច ក្រិក ត្រូវបញ្ចប់ជាស្ថាពរ ហើយមិនយូរប៉ុន្មាន អតីតមហាអំណាចមួយនេះក៏ធ្លាក់ក្រោមការត្រួតត្រារបស់មហាអំណាចថ្មីមួយទៀត គឺ អាណាចក្រ ម៉ាសេដន ដឹកនាំដោយអធិរាជដ៏ល្បីល្បាញមួយរូប គឺ អេឡិចហ្សង់ ឌឺកង់ ឬ Alexander The Great ៕

រក្សាសិទ្ធិដោយ ស្តេចផារាអង់