ផ្ទះចល័តដែលអាចធ្វើដំណើរជារថយន្តផង ជាផ្ទះស្នាក់នៅផងប្រហែលជាក្តីស្រមៃរបស់មនុស្សជាច្រើនដែលចូលចិត្តការធ្វើដំណើរកម្សាន្ត ឬដំណើរកម្សាន្តផ្សងព្រេង។ ហេតុនេះហើយក្រុមហ៊ុន Unicat អាចនឹងបំពេញតម្រូវការឱ្យអ្នកយ៉ាងលើសលប់លើសពីការរំពឹងទុក។
ក្រុមហ៊ុនផលិតរថយន្ត ដែលមានមូលដ្ឋាននៅប្រទេសអាឡឺម៉ង់ Unicat មួយនេះ ជាក្រុមហ៊ុនដែលមានជំនាញក្នុងការផលិតរថយន្តធុនធំមានគុណភាពជាច្រើន ដែលមានរួមមានដូចជា ឡានក្រុងទេសចរណ៍ និងរថយន្តសម្រាប់ប្រើប្រាស់ពេលអាសន្ន ឬគ្រោះមហន្តរាយ រួមទាំងរថយន្តដែលភ្ជាប់ផ្ទះចល័តផងដែរ ដោយក្នុងនោះរថយន្តចល័តម៉ូតថ្មីម៉ាក MD56c ត្រូវបានគេដឹងថាអាចប្រើប្រាស់ទាំងការធ្វើដំណើរ និងប្រព័ន្ធសូឡា អគ្គិសនីប្រើប្រាស់ដោយមិនបាច់ចាក់សាំងបន្ថែមដល់ទៅរយៈពេល ២សប្តាហ៍។
រថយន្ត MD56c មួយនេះ អាចធ្វើដំណើរទៅក្រៅដោយចាក់ប្រេងមួយពេញ ប្រើបានដល់ពីរសប្តាហ៍ ដោយមិនបាច់ចាក់សាំងបន្ថែម បានជាង 2,000 miles ឬស្មើនឹងប្រមាណជា 3218គីឡូម៉ែត្រ នោះ ក៏ដោយសារ រថយន្តនេះមានធុងស្តុកប្រេងម៉ាស៊ូតបានចំនួន ២៦៤ ហ្គាឡុង វាថែមទាំងអាចប្រើជាប្រភពថាមពល ទៅលើប្រព័ន្ធសូឡា អគ្គិសនី និងអាគុយប្រើប្រាស់នៅក្នុងរថយន្តនេះផ្ទាល់ទៀតផង។
សម្រាប់ផ្ទះរថយន្តចល័តពិសេសដែលមានទំហំ ៦ គុណនឹង ៦មួយនេះ មានបន្ទប់គេងដល់ទៅ៣ ផ្ទះបាយ១ ដែលមានម៉ាស៊ីនលាងចាន បន្ទប់ទឹក និងកន្លែងផ្ទុកឥវ៉ាន់តូចមួយ ហើយថែមទាំងសល់កន្លែងផ្ទុកដែលមានទំហំ ៦.២ ហ្វីតដែលអាចផ្ទុកម៉ូតូចំនួន ២ ផងដែរ ដោយមិនត្រឹមតែអាចយកធ្វើជារថយន្តធ្វើដំណើរ ថែមទាំងជាផ្ទះតូចស្នាក់នៅដ៏ប្រណីតគួរឱ្យចង់រស់នៅ។
ច្បាសណាស់ក្រោយការរៀបរាប់លម្អិតពីតួរថយន្តថ្មីម៉ាក MD56c របស់ក្រុមហ៊ុន Unicat នេះរួច អ្នកប្រាកដជាចង់ទិញវាទុកសម្រាប់ដំណើរកម្សាន្តខ្លួនឯងពិតណាស់ តែយ៉ាងណាសម្រាប់តម្លៃរថយន្តដ៏ពិសេសនេះត្រូវបានគេដឹងថាមានតម្លៃដល់ទៅ ១,៥១ លានដុល្លារឯណោះ៕
ប្រភព៖ Business Insider