ដើមហេតុដែល កូរ៉េខាងជើង ថ្លើមធំហ៊ានឆ្លងខ្សែស្របទី៣៨ ឈ្លានពានកូរ៉េខាងត្បូង

នៅឆ្នាំ ១៩៤៧ នៅក្រោយពេលដែលកិច្ចចរចារលើដំណោះស្រាយបង្រួបបង្រួមកូរ៉េខាងជើង និងខាងត្បូងត្រូវជាប់គាំងគ្មានដំណោះស្រាយ សហរដ្ឋអាមេរិច ក៏បានបញ្ជូនសំណុំរឿងទៅអោយអង្គការសហប្រជាជាតិ ជាអ្នកដោះស្រាយបន្ត ។ តាមរយះសេចក្ដីសម្រេច អនុម័តនៅថ្ងៃទី ១៤ ខែវិច្ឆិការ ឆ្នាំ១៩៤៧ អង្គការសហប្រជាជាតិបានកំណត់អោយរៀបចំបោះឆ្នោតជាសាធារណនៅទូទាំងប្រទេសកូរ៉េ គឺទាំងខាងត្បូង និងខាងជើង ដើម្បីបង្កើតរដ្ឋាភិបាលបង្រួបបង្រួមកូរ៉េទាំងពីរឡើងវិញ ។ រីឯកងទ័ពបរទេសដែលកំពុងឈរជើងនៅ ឧបទ្វីបកូរ៉េ ក៏ត្រូវបានអង្គការសហប្រជាជាតិតម្រូវអោយដកចេញពីកូរ៉េផងដែរ ក៏ប៉ុន្តែដំណោះស្រាយនេះ ត្រូវ បានសហភាពសូវៀតច្រានចោល ។

នៅឆ្នាំ១៩៤៩ សហភាពសូវៀត និងសហរដ្ឋអាមេរិច បានសម្រេចដកកងទ័ពចេញពីឧបទ្វីបកូរ៉េ ក្រោយពីការដកទ័ពនៃមហាអំណាចទាំងពីរ ការប៉ះទង្គិចនៅតាមព្រុំដែនតែងកើតមានជារឿយៗ ។ នៅកូរ៉េខាងជើង គីម អុីលសុង ដែលមានកម្លាំងទ័ពច្រើនជាង ក៏បានសម្រេចថានឹងធ្វើការបើកការវាយប្រហារទៅលើកូរ៉េខាងត្បូង ដោយមានកត្តាសំខាន់ៗចំនួន ៣

ទី១ គឺដោយសារតុល្យភាពកម្លាំងទ័ពរបស់ កូរ៉េខាងជើង មានចំនួនច្រើនជាងកូរ៉េខាងត្បូង

ទី២ គឺដោយសារមានការគាំទ្រពីសំណាក់សូវៀត និងចិន

ទី៣ គឺដោយសារតែភាពខ្ជីខ្ជាររបស់សហរដ្ឋអាមេរិច ដែលហាក់មិនទុកបញ្ហាកូរ៉េ ជាចំណុចសំខាន់ជាយុទ្ធសាស្ត្រ ។

UPI Almanac For Saturday June 25 2016

សហភាពសូវៀត និងសហរដ្ឋអាមេរិច បានសម្រេចព្រមព្រៀងគ្នាដកកងទ័ពចេញពីកូរ៉េ នៅឆ្នាំ ១៩៤៩ ក៏ប៉ុន្តែក្រោយពីអាមេរិចដកកងទ័ពចេញទៅ កូរ៉េខាងត្បូង មានទ័ពមិនដល់ ១០០០០០ម៉ឺននាក់ផង ហើយ កងទ័ពទាំងនេះក៏មិនសូវជាមានការហ្វឹកហ្វឺនខ្ពស់ ហើយភាគច្រើនមានបទពិសោធន៍តែខាងរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងស្រុក នឹងគ្មានបទពិសោធន៍ខាងសង្គ្រាម ។


ទាំងនេះ គឺជាផ្នែកដ៏ខ្ជីខ្ជារបស់សហរដ្ឋ អាមេរិច ដែលមិនចង់ពង្រឹងកម្លាំងទ័ព កូរ៉េខាងត្បូង ដោយសារតែនៅពេលនោះ អាមេរិច បារម្ភខ្លាច កូរ៉េខាងត្បូងប្រើកម្លាំងទ័ពឈ្លានពាន កូរ៉េខាងជើង ហើយទាញអាមេរិចអោយចូលទៅក្នុងសង្គ្រាមទល់នឹង សហភាពសូវៀត ។ លើសពីនេះទៅទឿត សុី ម៉ាន់រី ក្រោយពីបានឡើងកាន់អំណាច ក៏បានដឹកនាំប្រទេសតាមបែបផ្តាច់ការ ដោយប្រើកម្លាំងប្រដាប់អាវុធ ទៅបង្ក្រាបអ្នកនយោបាយប្រឆាំង ដែលផ្ទុយទៅហ្នឹងគោលនយោបាយលោកខាងលិច ។

ចំណែកឯរុស្សុីវិញ បានដកថយចេញពី កូរ៉េ ដោយបន្សល់ទុកនូវកងទ័ពខាងជើង ចំនួន ១៣៥០០០ នាក់ ដែលទទួលបានការហ្វឹកហ្វឺន និងបទពិសោធន៍ខ្ពស់ ព្រមទាំងបំពាក់ទៅដោយ អាវុធទំនើបៗ រួមមានរថក្រោះ កាំភ្លើងធំ និងប្រព័ន្ធកាំជ្រួចទំនើបៗ ។ សូវៀត ក៏បានរក្សាទុកផងដែរនូវជំនាញការយោធាអោយនៅជួយកងទ័ពកូរ៉េខាងជើង នៅស្ទើរតែគ្រប់អង្គភាព ។

ដោយមើលឃើញពីតុល្យភាពប្រកបដោយអំណោយផលនេះហើយ ទើបមេដឹកនាំកូរ៉េ ខាងជើងមានគំនិតចង់វាយបំបាក់កូរ៉េខាងត្បូង ដើម្បីរួបរួមឧបទ្វីបកូរ៉េទាំងពីរ ។

បើយើងមើលពីប្រវត្តិសាស្ត្រខាងលើ អាមេរិច តែងជួយជ្រោមជ្រែងប្រទេសនានាអោយមាននយោបាយប្រជាធិបតីដូចសហរដ្ឋអាមេរិចដែរ តែភាគច្រើនអ្នកដែលបានឡើងមកកាន់អំណាច តែងតែមានអត្តចរិក ខ្ជីខ្ជា ស្រលាញ់អំណាចជាងប្រជាជន និងប្រើអំពើហិង្សាជាជាងដោះស្រាយដោយសន្តិវិធី ។

ដូចជា សុី ម៉ាន់រី នេះជាដើម ព្រោះតែអាងខ្នងបង្អែកដែលជាសហរដ្ឋអាមេរិច ព្រមទាំងមានអំណាចក្នុងដៃផងនោះ ក៏តែង តែប្រើកម្លាំងទាហានដើម្បីកម្ចាត់អ្នកនយោបាយដែលមានគំនិតប្រឆាំងនិង សុី ម៉ាន់រី ដែលវាផ្ទុយស្រឡះពីប្រជាធិបតេយ្យដែល អាមេរិច ចង់បាន ។

រៀបរៀងដោយ ស្តេចផារាអង់

រក្សាសិទ្ធដោយ Knongsrok