សម័យជឿនលឿន ការទិញទំនិញ និងរាល់ផលិតផលទាំងឡាយក៏កាន់តែងាយស្រួលដែរ ដោយយើងអាចប្រើកាតសម្រាប់ទិញទំនិញគ្រប់មុខគ្រប់ទីកន្លែងបានយ៉ាងងាយស្រួលតាមរយៈ Visa Card Master Card និងរាល់កាតផ្សេងៗជាច្រើនទៀតដែលអាចធ្វើការបញ្ជាទិញទូទាំងពិភពលោក។ ប៉ុន្តែបច្ចេកវិទ្យាកាន់តែរីកចម្រើនមនុស្សឆ្លៀតឱកាសមានគំនិតមិនល្អក៏មានច្រើនដែរ ដោយអាចធ្វើឱ្យអ្នកបាត់បង់ប្រាក់នៅក្នុងគណនីរបស់អ្នកបានដោយមិនដឹងខ្លួន រាល់ពេលដែលអ្នកបញ្ជាទិញទំនិញតាមអនឡាញម្តង។
ដូច្នេះដើម្បីឱ្យការទិញទំនិញអនឡាញរបស់អ្នកកាន់តែមានសុវត្ថិភាព និងមិនបាច់ព្រួយបារម្ភរឿងបាត់បង់ ឬគេលួចសាច់ប្រាក់នោះ មកតាមដានគន្លឹះទាំង៨ក្បាច់នេះទាំងអស់គ្នា៖
១.ជឿលើវែបសាយដែលគួរទុកចិត្ត
មិនមែនឱ្យតែរាល់វែបសាយដែលបង្ហោះលើបណ្តាញអ៊ីនធើណេតសុទ្ធតែមានសុវត្ថិភាពនោះទេ។ ដូច្នេះអ្នកអាចរកមើលវែបសាយទិញទំនិញតាមអនឡាញដែលល្បីៗ ដែលគួរឱ្យទុកចិត្ត ជាពិសេសគឺវែបសាយដែលមាន រូបសញ្ញាកូនសោរ ( Padlock) បញ្ជាក់ថាជាវែបសាយមានសុវត្ថិភាពអាចទប់ស្កាត់ការលួចទិន្នន័យរបស់អ្នកបាន។ ម្យ៉ាងទៀតរាល់ពេលទិញទំនិញគួរតែប្រើអ៊ីនធើណេតផ្ទាល់ខ្លួន ឬវ៉ាយហ្វាយ (WiFi) ដែលទុកចិត្តតែប៉ុណ្ណោះទើបមានសុវត្ថិភាពល្អ។
២.ការពារព័ត៌មានផ្ទាល់ខ្លួន
ជាធម្មតារាល់ការទិញទំនិញតាមអនឡាញ តែងតែមានការសាកសួរព័ត៌មានខ្លះៗពីអ្នកជាមិនខាន។ តែក្នុងករណីមានសំណួរ និងការបំពេញឯកសារព័ត៌មានប្លែកៗ ឬច្រើនហួសហេតុពេក យកល្អអ្នកគួរតែចាកចេញ និងឈប់បន្តការទិញទំនិញនោះបន្តទៀត ដើម្បីការពារការលួចយកទិន្នន័យ ដែលបង្កជាការលួចយកប្រាក់នៅក្នុងគណនីធនាគាររបស់អ្នក។
៣.បង្កើតលេខកូដសម្ងាត់ខុសៗគ្នាតាមប្រភេទវែបសាយ
អ្នកគួរតែចៀសវាងការប្រើលេខកូដ ឬអក្សរសម្ងាត់តែមួយដូចៗគ្នា នូវរាល់វែបសាយដែលអ្នកទិញទំនិញតាមអនឡាញ ដើម្បីការពារ និងសុវត្ថិភាពគណនីកាតធនាគាររបស់អ្នក។
៤.រកវែបសាយដែលមានអក្សរ Https:// ពីមុខ
មុននឹងអ្នកបញ្ជាទិញទំនិញក្នុងវែបសាយអនឡាញដោយការប្រើកាត និងមុននឹងបំពេញព័ត៌មានផ្ទាល់ខ្លួន អ្វីដែលអ្នកត្រូវដឹងនោះ គឺត្រូវវសង្កេតមើលរបារឈ្មោះវែបសាយដែលអ្នកកំពុងតែទិញទំនិញនោះ ថាមានអក្សរបែបណាពីមុខ។ ជាធម្មតាអ្នកអាចភាន់ច្រលំ https// និង http ប៉ុន្តែរបារឈ្មោះដែលមានសុវត្ថិភាពបំផុតនោះ អ្នកត្រូវជ្រើសរើសវែបសាយណាដែលមានរបារអក្សរពីមុខជា https// ទើបជាការល្អបំផុត។
៥.មើលតម្លៃឱ្យបានច្បាស់
ជាការពិតណាស់ អ្នកណាដែលថាមិនចង់ទិញទំនិញមានតម្លៃថោកនោះ តែដើម្បីសុវត្ថិភាពអ្នកមិនត្រូវមើលរំលងតម្លៃនេះជាដាច់ខាត មិនមែនឱ្យតែឃើញថោកគឺស្រវាទិញភ្លាមនោះឡើយ។ ការបញ្ចុះតម្លៃទំនិញតាមវែបសាយផ្សេងៗជារឿងធម្មតានោះទេ តែការដែលមានកម្មវិធីទាក់ទាញបញ្ចុះតម្លៃទាបជ្រុលពេក ឬទំនិញមានតម្លៃទាបខុសពីតម្លៃដើមធម្មតានោះ អ្នកអាចនឹងកំពុងតែជួបនឹងវែបសាយបោកប្រាស់ហើយ។ ដូច្នេះត្រូវតែសង្កេតតម្លៃ និងប្រុងប្រយ័ត្នឱ្យមែនទែន។
៦.រកអ្នកពិគ្រោះ និងផ្តល់សេវាកម្មអនឡាញ
សម្រាប់វែបសាយលក់ទំនិញដែលមានស្តង់ដារ និងមានសុវត្ថិភាពនោះ តែងតែមានភ្នាក់ងារជំនួយផ្តល់យោបល់ និងសាកសួរព័ត៌មានតាមតាមអនឡាញ ឬតាមទូរស័ព្ទដៃជាមិនខាន (អាចតាមរយៈអ៊ីម៉ែលផងដែរ) ។ ដូច្នេះការជ្រើសរើសយកការទិញទំនិញ ក្នុងវែបសាយដែលមានអ្នកផ្តល់ជាព៍ត៌មាន និងមានរាល់មធ្យាបាយផ្សេងៗឱ្យអតិថិជនអាចទាក់ទងបានជារឿងមួយដ៏សុវត្ថិភាពបំផុត។
៧.កុំចុចលើផ្ទាំយផ្សារពាណិជ្ជកម្មផ្តេសផ្តាស (Pop-Up Ads)
វាជារឿងធម្មតាទេ សម្រាប់រាល់វែបសាយនានាតែងតែមានផ្ទាំងផ្សាយពាណិជ្ជកម្ម ឬការបញ្ចុះតម្លៃនៅផ្នែក ឆ្វេង ស្តាំ លើក្រោម ថែមទាំងអាចលោតលើវែបសាយផ្ទាល់តែម្តង (Pop-Up Ads) ។ មិនត្រឹមតែរំខានដល់ការទិញទំនិញរបស់អ្នកទេ តែដើម្បីសុវត្ថិភាព និងការពារការលួចទិន្នន័យផ្សេងៗអ្នកមិនគួរចុចលើពាណិជ្ជកម្មទាំងនោះផ្តេសផ្តាសនោះឡើយ បើអាចគួរតែប្រើកម្មវិធី ទប់ស្កាត់ការផ្សាយពាណិជ្ជកម្មទើបជាការល្អ (Ad-Blocker) ។
៨.ផ្ទៀងផ្ទាត់របាយការណ៍កាតធនាគាររបស់អ្នក
អ្នកគួរតែឧស្សាហ៍ផ្ទៀងផ្ទាត់ ឬពិនិត្យមើលរបាយការណ៍ការចាយវាយកាតធនាគាររបស់អ្នក បើទោះបីជាអ្នកបានទិញទំនិញរួចរាល់ ឬទទួលបានទំនិញហើយក៏ដោយ នោះដើម្បីប្រាកដចិត្តថា តើមានការកាត់សាច់ប្រាក់លើសដែរឬទេ មានអ្នកណាម្នាក់លួចប្រើដែរទេ? ឬក៏មានការកាត់ប្រាក់នៅក្នុងសេវាកម្មណាផ្សេងបន្ថែមទៀតឬក៏អត់៕