ដោយសារតែសម្រួលដល់ចរាចរណ៍ និងការធ្វើដំណើរឱ្យល្អប្រសើរជាងមុន ស្ពានអាកាសជាច្រើនបានសាងសង់ ហើយចំណតក្រោមដីដែលធ្លាប់ប្រកាសថានឹងសាងសង់ច្រើនកន្លែងនោះ ពេលនេះចំណតទី១ បានសាងសង់រួចរាល់ហើយ។
ដោយចំណតរថយន្តក្រោមដីទី១ នេះ គឺជាចំណតដែលមានសួនច្បារពីលើ នៅត្រង់ចំណុចខាងលិចវត្តភ្នំ ចន្លោះស្ថានទូតអាមេរិច និងក្រសួងសេដ្ឋកិច្ច ទំហំពីរជាន់អាចផ្ទុករថយន្តបាន ៣៤០គ្រឿង បានសាងសង់រួចរាល់ ១០០% និងដាក់ឱ្យប្រើប្រាស់ហើយ។ នៅក្នុងនោះចំណតក្រោមដីនេះ ត្រូវបានធ្វើឡើងក្នុងគោលដៅកាត់បន្ថយការប្រើប្រាស់ចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ដើម្បីចតរថយន្ត និងសម្រួលដល់ការកកស្ទះចរាចរណ៍ និងធ្វើឲ្យសណ្តាប់ធ្នាប់តាមទ្រូងផ្លូវកាន់តែប្រសើរឡើង។
ចំណតក្រោមដីមួយនេះ មានបំពាក់នូវបច្ចេកវិទ្យាទំនើប និងសុវត្ថិភាព ស្តង់ដារខ្ពស់ ១០ ចំណុចសំខាន់ៗរួមមាន ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ប្រព័ន្ធសេនស័រសម្រាប់ចំណតឡាន ប្រព័ន្ធអគ្គីភ័យ ជណ្តើរយន្តជនពិការ ប្រព័ន្ធប្រកាសអាសន្ន ស្លាកសញ្ញា LED សំរាប់សំគាល់ទីតាំងចត និងគំនូសសញ្ញា ប៉ុស្តិ៍សន្តិសុខ ត្រួតពិនិត្យ បន្ទប់ទឹកទូទៅ និងបន្ទប់ទឹកជនពិការ ប្រព័ន្ធបឺតផ្សែងរថយន្ត និងពេលផ្សែងពេលមានអគ្គីភ័យ និងប្រព័ន្ធបូមទឹកទំនើបកម្មជាដើម។
គួរឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ សាលារាជធានីភ្នំពេញសហការជាមួយក្រុមហ៊ុន OCIC បាននឹងកំពុងខិតខំសាងសងចំណតយានយន្តក្រោមដីសរុបចំនួន ៤ កន្លែង ហើយពេលនេះ សម្រេចបាន ២ កន្លែងហើយ ទី១ នៅក្រោមសួនច្បារចន្លោះវិមានកាណាឌីយ៉ា និងអាគារវឌ្ឈនៈកាពីតាល់ ឆ្ពោះទៅកាន់ផ្សាររាត្រី មាត់ទន្លេ ឯទី ២ នៅក្រោមសួនច្បារ មិត្តភាព កម្ពុជា-ថៃ ត្រង់ចំណុចខាងលិចវត្តភ្នំ ចន្លោះស្ថានទូតអាមេរិក និងក្រសួងសេដ្ឋកិច្ច ហើយចំពោះ ២កន្លែងផ្សេងទៀត ក៏គ្រោងនឹងបញ្ចប់ការសាងសងក្នុងពេលឆាប់ៗខាងមុខហើយ ៕