៨ចំណុច អំពីសត្វឆ្មាគ្មានរោម ដែលមានលក្ខណៈខុសស្រឡះពីឆ្មាដទៃ

ពូជសត្វឆ្មាគ្មានរោម ឬដែលភាសាអង់គ្លេសហៅថា “Sphynx Cat” គឺជាពូជឆ្មាមួយដែលចម្លែក ហើយត្រូវការការថែទាំខ្ពស់ពីម្ចាស់ជាងឆ្មាធម្មតាឯទៀត។ នៅពេលដែលគេឮពាក្យថា “Sphynx” គេតែងតែនឹកឃើញដល់ Great Sphinx of Giza ដែលស្ថិតនៅក្នុងប្រទេសអេហ្សីប ប៉ុន្តែតាមពិតទៅពូជឆ្មាគ្មានរោមនេះមិនបានជាប់ខ្សែស្រឡាយជាមួយនឹងប្រពៃណីអេហ្សីបនោះទេ ផ្ទុយទៅវិញ វាមានដើមកំណើតនៅប្រទេសកាណាដាក្នុងឆ្នាំ១៩៦៦។

A1

១. ពួកវាមិនមែនគ្មានរោម១០០%នោះទេ

បើសិនជាអ្នកធ្លាប់បានប៉ះឆ្មានេះផ្ទាល់ឬឃើញវាជិត នោះអ្នកនឹងសង្កេតឃើញថាវាមានរោមខ្លីៗ ដុះរ៉ុយៗ ហើយស្បែកវាមានសភាពទន់ល្មើយ។ ជាទូទៅ ពួកវាគ្មានរោមភ្នែក និងពុកមាត់ទេ តែវាមានមុខមូលៗដូចគ្រាប់អាល់ម៉ុនអញ្ចឹងដែលធ្វើឲ្យវាខុសប្លែកពីឆ្មាដ៏ទៃ។

A2

២. ចូលចិត្តធ្វើជាខ្នើយអោប

ដោយសារ Sphynx ជាពូជឆ្មាគ្មានរោម ដូចនេះនាំឲ្យកម្តៅខ្លួនរបស់វាក្តៅជាងឆ្មាធម្មតា។ អ្នកវិទ្យាសាស្ត្របានឲ្យដឹងថា Sphynx ត្រូវការភាពកក់ក្តៅពីម្ចាស់វាណាស់ និងចូលចិត្តឲ្យគេអោប ថ្នាក់ថ្នមដូចកូនក្មេងអញ្ចឹង។

៣. ជាឆ្មាដែលពោរពេញទៅដោយថាមពល

អ្នកខ្លះអាចនឹងគិតថាឆ្មាគ្មានរោមមើលទៅគួរឲ្យខ្លាចដូចកណ្តុរប្រមេះជាដើម ដែលមិនគួរឲ្យស្រលាញ់ដូចឆ្មាដ៏ទៃដែលមានរោមនោះទេ។ ប៉ុន្តែតាមពិតទៅ Sphynx គឺជាឆ្មាដែលឆ្លាតវៃ ចង់ដឹងច្រើន និយាយច្រើន ចង់បានចំណាប់អារម្មណ៍ពីម្ចាស់ហើយស្រលាញ់ម្ចាស់ខ្លួនណាស់។ ធម្មជាតិរបស់ឆ្មាប្រភេទនេះ គឺមានលក្ខណៈស្រដៀងទៅនឹងសត្វឆ្កែដែរ ដោយសារតែភាពពោរពេញទៅដោយថាមពលរបស់វា។

A3

៤. ត្រូវមានទំនួលខុសត្រូវ និងការយកចិត្តទុកដាក់ខ្ពស់

ដើម្បីចិញ្ចឹមឆ្មាប្រភេទនេះ អ្នកត្រូវយកចិត្តទុកដាក់ទៅលើវាជាទីបំផុត ព្រោះវាត្រូវការការមើលថែឲ្យបានដិតដល់ពីម្ចាស់។ អ្នកត្រូវសម្អាតកន្លែងជុំវិញខ្លួនជាប្រចាំ និងប្តូរខ្សាច់ដែលវាបានបន្ទោរបង់រួចឲ្យបានញឹកញាប់ ហើយអ្នកក៏ត្រូវតែងូតទឹកឲ្យវាច្រើនផងដែរ ដើម្បីកុំឲ្យវាមានក្លិនខ្លួន។

៥.ជាឆ្មាដែលចូលចិត្តនៅក្នុងផ្ទះ


ដោយសារតែវាងាយប្រតិកម្មនឹងបរិយាកាសខាងក្រៅ ដូចនេះម្ចាស់ឆ្មាគប្បីរក្សាវានៅក្នុងម្លប់ ឬនៅក្នុងផ្ទះនិងជៀសវាងយកវាចេញមកក្រៅញឹកញាប់ពេក ព្រោះប្រសិនបើមេឃក្តៅ នោះវាអាចនឹងរលាកស្បែក ចំណែកឯអាកាសធាតុត្រជាក់វិញ វានឹងចាញ់រងារ ។ ហេតុនេះម្ចាស់ឆ្មាគួរតែព្យាយាមទុកវាអោយនៅក្នុងផ្ទះ និងត្រូវមានអាវដើម្បីពាក់ឲ្យពួកវាផងដែរ។

៦. ការបំបែកមេតាបូលីសលឿន

Sphynx ត្រូវការស៊ីចំណីច្រើនដើម្បីអោយក្នុងខ្លួនវាអាចដុតកម្តៅ និងបំបែកអាហារទាំងនោះ ហើយការធ្វើរបៀបនេះវាអាចរក្សាកម្តៅខ្លួនឲ្យថេរបាន។

A5

៧. វាមានអាយុខ្លីជាងពូជឆ្មាផ្សេងទៀត

ខណៈពូជឆ្មាផ្សេងអាចមានអាយុពី១២ ទៅ១៤ឆ្នាំ ឬយូរជាងនេះ Sphynx អាចរស់បានត្រឹមតែ ៨ ទៅ១២ឆ្នាំ តែប៉ុណ្ណោះ។ ដូចដែលបានដឹងស្រាប់ ពូជឆ្មានេះងាយនឹងឈឺណាស់ ហើយពិបាកជាងគេនោះគឺវាចាញ់រងារ។

៨. ចូលចិត្តដើរលេងខាងក្រៅ

ទោះបីជាឆ្មានេះងាយប្រតិកម្មនឹងបរិយាកាសខាងក្រៅក៏ពិតមែន ប៉ុន្តែវាចូលចិត្តដើរលេង និងមិនចេះនៅស្ងៀមនោះទេ។ យោបល់ល្អគឺម្ចាស់គួរទិញនូវ Cat tree ដែលជាកន្លែងលេងរបស់ឆ្មាដើម្បីឲ្យវាឡើងចុះ កោសខ្វាចលេងជាដើម៕

A4

 

 

ប្រភព ៖ បរទេស