ត្រូវតែដឹង ពីចំណុច ៣​ យ៉ាង ដែលអាចបំផ្លាញអ្នកបាន

សងឋដថ

ការប្រព្រឹត្តរបស់មនុស្ស រមែងទទួលបានផលតបស្នងនៃទង្វើនោះ អាចល្អ អាចអាក្រក់ តែវានឹងហុចផលឱ្យមិនខាន គ្រាន់តែយូរនិងឆាប់ប៉ុណ្ណោះ។

ខាងក្រោមនេះ គ្រាន់តែជាការចែករំលែកនូវផលពិសោធន៍ខ្លះៗដែលខ្ញុំធ្លាប់ឆ្លងកាត់៖

១. ព្យាយាមតបតយកឈ្នះនៅពេលដែលខ្លួនពោពេញដោយកំហឹងខ្លាំង

អ្នកណាក៏ចេះខឹងដែរ តែការបញ្ចេញកំហឹងមួយពេល វារមែងតែមានផលមិនល្អតបស្នងមកវិញ។ អ្នកប្រហែលជាច្បាស់ពីខ្លួនឯងហើយថា រាល់ពេលដែលអ្នកខឹងខ្លាំងម្តងៗ ពាក្យសម្តីអ្វីក៏អាចស្តីចេញមកដែរ ហើយបើសិនជាជំលោះនោះ កាន់តែខ្លាំងឡើង ដោយមិនភាគីណាម្នាក់ព្រមអន់ វាប្រហែលជាអាចនឹងបង្កដល់ការប្រើហិង្សាទៀតក៏ថាបាន។

២. សម្រេចចិត្តធ្វើអ្វីមួយនៅពេលដែលកំពុងមានអារម្មណ៍មិនល្អ ឬខឹង


ការដែលធ្វើការសម្រេចចិត្តនៅខណៈពេលនេះ វាងាយណាស់នឹងបង្កើតរឿងខុស។ ដាច់ខាត មុននឹងសម្រេចចិត្តធ្វើអ្វីមួយសូមកុំធ្វើវាឡើងនៅពេលដែលអារម្មណ៍អ្នកមិនល្អ ព្រោះដូចដែលដឹងស្រាប់ហើយថា នៅពេលនេះ មនុស្សយើងតែងខ្វះការពិចារណាច្រើនជាងពេលធម្មតា។ ហេតុដូចហើយ ទើបភាគច្រើន មនុស្សយើងតែងតែជួបរឿងស្តាយក្រោយនៅពេលដែលធ្វើតាមអារម្មណ៍មួយពេលៗ។

៣. និយាយមិនគិត លេងសើចជ្រុល

តើអ្នកធ្លាប់បង្កើតកំហុស និងរឿងស្តាយក្រោយចំពោះមនុស្សស្និតស្នាលនឹងអ្នកដែរទេ? លេងសើចមិនគិត ពីមិត្តអាចក្លាយជាសត្រូវ។

ប្រាកដណាស់! អាងថាមនុស្សស្និតស្នាល ដូច្នេះក៏យល់ថាម្នាក់នោះនឹងមិនប្រកាន់ជាមួយពាក្យដែលយើងហាស្តី ប៉ុន្តែការលេងសើចនោះទៀតសោត ក៏មិនអាចហួសកម្រិតពេកដែរ។ បើសិនជាអ្នកជ្រុលលើសលួសនូវពាក្យដែលវៃប្រហារដល់អារម្មណ៍មនុស្សស្និតស្នាលនូវរឿងអ្វីមួយដែលពួកគេពិបាកទទួលយក នោះវានឹងងាយឱ្យទំនាក់ទំនងរបស់អ្នកនិងគាត់ប្រេះឆា។

គ្មាននរណាម្នាក់ចង់បង្កើតភាពសោកស្តាយក្នុងជីវិតនោះទេ ដូច្នេះមុននឹងធ្វើអ្វី ត្រូវរិះគិតអោយល្អិតបន្តិចសិន «ត្រូវចិត្តធ្ងន់កុំឆេវឆាវ ការជះកំហឹងមួយឆាវអាចបន្សល់រឿងសោកស្តាយពេញមួយជីវិត»៕