មេរៀនសំខាន់នៃជីវិត! បើមិនទាន់បានចាប់ផ្តើម កុំអស់សង្ឃឹម

រាល់ជីវិតមនុស្សសត្វក្នុងលោក តម្រូវឱ្យមានការតស៊ូឥតឈប់ឈរ គ្រាន់តែតស៊ូនឹងបញ្ហាខុសគ្នា មនុស្សតស៊ូនឹងការចិញ្ចឹមជីវិត រីឯសត្វតស៊ូនឹងការរស់នៅ។ លក្ខខណ្ឌធម្មជាតិ សត្វត្រូវប្រមាញ់ជីវិតគ្នាដើម្បីរស់ ចំណុចពិសេសវា វាមិនដែលបណ្តោយខ្លួនអោយក្លាយជាចំណីសត្វដទៃងាយទេ។ គ្មាននរណាម្នាក់ដែលអាចដឹងមុនពីលទ្ធផលរបស់ខ្លួននោះទេ។

«បុគ្គលជោគជ័យ» នៅពីក្រោយភាពជោគជ័យរបស់ពួកគាត់ តែងមានរឿងរ៉ាវដ៏អស្ចារ្យជាច្រើន ដែលគ្រប់គ្នាពុំសូវបានដឹង។ ប៉ុន្តែយើងបានអានពីដំណាក់កាលនៃភាពជោគជ័យរបស់ពួកគាត់តាមរយៈការបង្ហាញលើសៀវភៅចំណេះដឹងទូទៅដែលពាក់ព័ន្ធនឹងបុគ្គលល្បីៗទាំងនោះ។ តែតើអ្នកបានចាប់អារម្មណ៍ដែរទេ! ដំណាក់កាលនៃការតស៊ូរបស់ពួកគាត់ម្នាក់ៗគឺមិនសូវខុសពីគ្នាប៉ុន្មានទេ។

ពេលខ្លះ អ្នកប្រហែលជាពិបាកនឹងជឿលើសៀវភៅ ព្រោះអ្នកបានធ្វើតាមជំហាននោះហើយ តែនៅតែមិនជោគជ័យ អ៊ីចឹង! តើត្រូវតែមិនខ្វល់ពីក្តីស្រមៃឬក៏យ៉ាងណា?

How To Find Purpose In Life

ដើមទុនជីវិតមនុស្សខុសគ្នា មនុស្សទូទៅអាចត្រូវការ ៦០ជំហានដើម្បីជោគជ័យ ហើយមនុស្សដែលយើងបានស្គាល់ប្រហែលជាត្រូវការដើរតែ ១០ជំហានប៉ុណ្ណោះ ដោយសំអាងថាមានជំនួយស្រាប់ពីគ្រួសាររបស់គេ។ ឯយើងវិញ ក៏មិនចាំបាច់តូចចិត្តដែរ បើទោះបីជាយើងត្រូវដើររហូតដល់ ១០០ជំហានដើម្បីភាពជោគជ័យក្នុងជីវិតនោះ ព្រោះតម្លៃនៃការខំប្រឹងគឺមិនដូចគ្នាទេ។


គេមានជំនួយពីគ្រួសារ ឬមជ្ឈដ្ឋានជុំវិញខ្លួនគេ វាជាសំណាងរបស់គេ។ ឯយើង មានជំនួយពីខ្លួនឯង ក៏ជារឿងសំណាងមួយដែរ ព្រោះយើងអាចធ្វើវាបាន។

ដូច្នេះ អត់ចាំបាច់ត្រូវប្រៀបធៀបជីវិតខ្លួនឯងទៅនឹងអ្នកដទៃទេ បើគ្រាន់តែត្រូវជួបឧបសគ្គច្រើនជាងអ្នកដទៃនោះ។

បើសិនជាចង់សម្រេចកិច្ចការណាមួយ កុំស្ទើរស្ទាក់ ត្រូវតែហ៊ានសាកល្បងធ្វើវា ទោះបានឬមិនបាន ក៏ជាការខំប្រឹងរបស់យើងមួយដែរ ហើយយើងក៏អាចទុកវាជាស្ពានឆ្លងទៅរកភាពជោគជ័យដោយវិធីផ្សេងទៀត។

បែបនេះ វាប្រសើរជាងការអង្គុយគិតថាវាមិនអាចទៅរួច ហើយបណ្តោយឱ្យឱកាសកន្លងផុតទៅ៕