មូលហេតុដែលអ្នកផឹកទឹកច្រើន ប៉ុន្តែនៅតែខ្វះជាតិទឹកក្នុងខ្លួន!

វាគឺជារឿងដែលសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗក្នុងការផឹកទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ ប៉ុន្តែតើអ្នកដឹងឬទេថា បើទោះបីជាអ្នកខំប្រឹងផឹកទឹកច្រើនយ៉ាងណាក៏ដោយ អ្នកក៏អាចខ្វះជាតិទឹកបានដែរ។ ហើយដើម្បីដឹងពីរោគសញ្ញាខ្វះជាតិទឹក អ្នកអាចពិនិត្យមើលទៅលើពណ៌ទឹកនោមរបស់អ្នកដែលមានពណ៌លឿងខ្លាំង ម្យ៉ាងទៀតអ្នកក៏អាចអង្កេតតាមរយៈការបែកញើស ព្រោះថាបើអ្នកមិនសូវមានញើសទេ នោះមានន័យថាជាតិទឹកអ្នកគឺមិនគ្រប់គ្រាន់ឡើយ។ ហើយដើម្បីស្រាយចម្ងល់មួយនេះ យើងនឹងបង្ហាញអ្នកពីមូលហេតុ ៥ យ៉ាង ដែលអ្នកផឹកទឹកច្រើន ប៉ុន្តែនៅតែខ្វះជាតិទឹកក្នុងខ្លួន!

A1

១.ផឹកមិនត្រូវក្បួន

ការផឹកទឹក ៨ កែវក្នុងមួយថ្ងៃ គឺអាចរក្សាជាតិទឹកអោយបានគ្រប់គ្រាន់ក៏ពិតមែន ប៉ុន្តែអ្នកក៏គួរតែបែងចែកនូវពេលវេលាផឹកទឹកផងដែរ។ ឧទាហរណ៍មនុស្សខ្លះគឺផឹកទឹកមួយលីត្រក្នុងមួយម៉ោង ដែលជាហេតុធ្វើអោយពួកគេមិនផឹក (គ្រប់គ្រាន់) ក្នុងកំឡុងពេលផ្សេងទៀតដែលនៅសល់។ យោងតាមអ្នកឯកទេសស្តារនីតិសម្បទាលោក Scott Michael Schrieber គឺបានណែនាំឱ្យយើងគ្រប់គ្នាផឹកទឹកបន្តិចម្តង តែអោយបានពេញមួយថ្ងៃ បើទោះបីជាយើងមិនស្រេកទឹកក៏ដោយ ព្រោះកាលដែលធ្វើបែបនេះគឺអាចរក្សាជាតិទឹកអោយបានគ្រប់គ្រាន់។

A2

២.អ្នកមិនទទួលបានអេឡិចត្រូលីតគ្រប់គ្រាន់ទេ

អេឡិចត្រូលីតគឺមានផ្ទុកទៅដោយសូដ្យូមក្លរួ, ម៉ាញេស្យូម និង ប៉ូតាស្យូម ដែលយើងត្រូវការដើម្បីបញ្ចូនសារធាតុរាវទៅកាន់កោសិការបស់យើង។ ម្យ៉ាងទៀត តម្រងនោមរបស់យើងម្នាក់ៗគឺត្រូវពឹងផ្អែកលើអេឡិចត្រូលីតដើម្បីជួយរាងកាយអោយរក្សាទឹក។ ដូច្នេះហើយប្រសិនបើអ្នកមិនមានជាតិអេឡិចត្រូលីតគ្រប់គ្រាន់នោះទេ ទឹកដែលអ្នកផឹកនឹងឆ្លងកាត់(រាងកាយរបស់អ្នក) ដោយមិនស្ថិតនៅក្នុងរាងកាយរបស់អ្នកដើម្បីជួយបំពេញ និង ចិញ្ចឹមកោសិការបស់អ្នកឡើយ។ ហើយដំណោះស្រាយដ៏ងាយស្រួលនោះ គឺអ្នកត្រូវផឹកទឹកដូងឱ្យបានញឹកញាប់ព្រោះភេសជ្ជៈមួយនេះគឺពោរពេញទៅដោយអេឡិចត្រូលីតជាច្រើន។

A3

៣.អ្នកមានជំងឺទឹកនោមផ្អែម


វេជ្ជបណ្ឌិត Summer Yule បាននិយាយថា “ ការស្រេកទឹកខ្លាំងដែលអមជាមួយការខ្វះជាតិទឹកគឺអាចជារោគសញ្ញានៃជំងឺទឹកនោមផ្អែម ” ។ ហើយនៅពេលដែលរាងកាយរបស់អ្នកកំពុងព្យាយាមបញ្ចេញជាតិស្ករ នោះអ្នកត្រូវនោមច្រើនដែលជាហេតុបណ្តាលឱ្យអ្នកខ្សោះជាតិទឹក។

A4

៤.អ្នកកំពុងផឹកភេសជ្ជៈខុស

ភេសជ្ជៈមួយចំនួនគឺអាចធ្វើឱ្យអ្នកខ្សោះជាតិទឹកយ៉ាងឆាប់រហ័ស ឧទាហរណ៍ដូចជាភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និង កូកាកូឡាជាដើម។ ហេតុនេះហើយដើម្បីរក្សាជាតិទឹកក្នុងខ្លួនអោយបានគ្រប់គ្រាន់សូមអ្នកព្យាយាមកាត់បន្ថយការផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនច្រើនពេក។

A5

៥.មិនផឹកទឹកគ្រប់គ្រាន់

ការផឹកទឹក២លីត្រ ជាធម្មតាគឺគ្រប់គ្រាន់ដើម្បីការពារអ្នកពីការខ្វះជាតិទឹក ប៉ុន្តែមនុស្សខ្លះគឺត្រូវការទឹកច្រើនជាងនេះ។ ឧទាហរណ៍អ្នកដែលធ្វើលំហាត់ប្រាណច្រើន គឺត្រូវការផឹកទឹកកន្លះលីត្របន្ថែមទៀត៕

A6

ប្រភព ៖ បរទេស